ប្រទេសថៃ ៖ ស្ថានការណ៍ខ្យល់ពុល PM 2.5 នៅប្រទេសថៃបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងសេដ្ឋកិច្ច ហើយប៉ះពាល់សូម្បីតែការធ្វើដំណើរតាមយន្តហោះ ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៅទីក្រុងបាងកក រាយការណ៍ថា ភាគល្អិតធូលីមានទំហំតូចបំផុត PM 2.5 បានកើនឡើងខ្លាំងដល់កម្រិតពណ៌ក្រហម ។

រដ្ឋាភិបាលថៃបានកំណត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាខ្យល់ពុលនៅលើបរិយាកាស ដូចជា ៖ ស្នើក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work from Home), ជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ, បង្កើតទឹកភ្លៀងសិប្បនិម្មិត, រឹតបន្តឹងការដ្ឋានសំណង់ និងស្ទាក់ចាក់រថយន្តបញ្ចេញផ្សែងខ្មៅបើកបរក្នុងទីក្រុង ។.png)
គេហទំព័ររបស់អាកាសយានិកប្រទេសថៃបានបង្ហាញរូបភាពការចុះអ័ព្ទលាយឡំជាមួយខ្យល់ពុល PM 2.5 មានសភាពក្រាស់គួរឱ្យភ្ញាក់ផ្អើល ដែលជាឧបសគ្គក្នុងការចុះចតយន្តហោះជាច្រើនគ្រឿងនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង ។ ស្ថានការណ៍នេះធ្វើឱ្យយន្តហោះមួយចំនួនប្តូរទិសដៅទៅចុះចតនៅអាកាសយានដ្ឋានផ្សេង ។.png)
កាលព្រឹកពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រមួយរបស់អាកាសយានិកថៃបានបង្ហោះរូបភាពខ្យល់ពុលនៅអាកាសយានដ្ឋាន និងសរសេរថា ជួបបញ្ហាតាំងព្រលឹមនៅអាកាយានដ្ឋានសុវណ្ណភូមិ ដោយសារអាកាសយានិកមើលពុំឃើញកន្លែងចុះចត ហើយត្រូវចុះចតតាម Low Visibility ។ យន្តហោះណាដែលពុំទទួលការអនុញ្ញាតឱ្យចុះចតតាម Low Visibility ឬអាកាសយានិកពុំបានហ្វឹកហាត់ការចុះចតទេនោះ គឺពុំអាចចុះចតបានទេ ហើយត្រូវចុះចតទៅអាកាសយានដ្ឋានផ្សេង ។ រីឯអាកាសយានដ្ឋានដនមឿង ក៏មានស្ថានភាពបែបនេះដែរ យន្តហោះមួយចំនួនពុំអាចចុះចតបានទេ ។
ដោយឡែក អភិបាលក្រុងបាងកកបានណែនាំឱ្យពលរដ្ឋអនុវត្តតាមវិធានការ៥ចំណុច ដើម្បីការពារសុខភាពក្នុងពេលប្រទេសថៃមានបញ្ហាខ្យល់ពុលខ្លាំង ដូចជា ៖
១-ត្រួតពិនិត្យកម្រិតខ្យល់ពុលជានិច្ចមុនពេលចេញពីផ្ទះ
២-ពាក់ម៉ាស់ការពារ
៣-បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងសម្អាតធូលីជាញឹកញាប់
៤-ចៀសវាងធ្វើអ្វីមួយនៅកណ្តាលថ្ងៃ និងកាត់បន្ថយការដុតសំរាម
៥-ត្រួតពិនិត្យរថយន្តដើម្បីកាត់បន្ថយខ្យល់ពុលដោយសារផ្សែងរថយន្ត ។
IQAir ជាគេហទំព័រស្វីសវាយតម្លៃគុណភាពខ្យល់រាយការណ៍ថា ខ្យល់ពុល PM 2.5 គឺជាភាគល្អិតមានទំហំតូចបំផុត ហើយវានឹងចូលក្នុងសួត និងចរន្តឈាមតាមរយៈការដកដង្ហើម និងបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ កើតជំងឺមហារីក ៕










