សហរដ្ឋមេរិក ៖ កាលពីពេលរកសំឡេងឆ្នោតកន្លងមក លោក Donald Trump បានសន្យាជាមួយពលរដ្ឋជាច្រើនលើកថា លោកនឹងដំឡើងពន្ធទំនិញចិនខ្ពស់ ពីព្រោះចិនជាគូប្រជែងផ្នែកសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាមេរិក ។ ប៉ុន្តែពេលក្លាយជាប្រធានាធិបតីអាមេរិក លោកបាននិយាយទៅកាន់ស្ថានីយទូរទស្សន៍មួយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា លោកពុំចង់ដំឡើងពន្ធទំនិញចិនទេ ។

ពេលស្ថានីយទូរទស្សន៍ Fox News សួរថា តើលោកអាចធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ និងពាណិជ្ជកម្មដែរឬទេ? លោក Trump ឆ្លើយថា ៖ «ខ្ញុំធ្វើបាន ពីព្រោះយើងមានអ្វីម្យ៉ាងដែលពួកគេត្រូវការ ។ យើងមានអំណាចលើសចិនយ៉ាងខ្លាំង គឺការដំឡើងពន្ធទំនិញដែលចិនពុំចង់បាន ប៉ុន្តែខ្ញុំពុំចង់ដំឡើងពន្ធទំនិញចិនទេ» ។ មហាជនចាត់ទុកថា ការលើកឡើងបែបនេះ គឺលោកបានផ្លាស់ប្តូរគំនិតខុសពីពេលរកសំឡេងឆ្នោត ។.png)
លោក Trump បន្តថា លោកមានទំនាក់ទំនងយ៉ាងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺដូចនឹងមិត្តភក្តិម្នាក់ កាលពីមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ លោកក៏បានប្រាប់ពីមូលហេតុដែលលោកត្រូវដំឡើងពន្ធទំនិញចិនថា ចិនបានទទួលប្រាក់យ៉ាងច្រើនពីអាមេរិក ហើយចិនយកប្រាក់នេះទៅជួយខាងកងទ័ព ។
ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា កន្លងមក លោក Trump ថ្លែងថា អាមេរិកសម្រេចដំឡើងពន្ធទំនិញចិន ស្មើ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ ខណៈពេលរកសំឡេងឆ្នោត លោកសន្យាថា នឹងដំឡើងពន្ធទំនិញចិន រហូតដល់៦០% ។ ការដំឡើងពន្ធទំនិញចិន ១០% ដោយសារថ្នាំញៀនហ្វេនតានីល (Fentanyl) ជាច្រើនត្រូវបានបញ្ជូនពីចិនមកអាមេរិក តាមរយៈម៉ិកស៊ិក និងកាណាដា ។.png)
មន្ត្រីចិនបានអំពាវនាវឱ្យអាមេរិកដោះស្រាយបញ្ហាជម្លោះជាមួយចិន តាមរយៈការចរចាពិភាក្សាគ្នា ។ លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនសង្កត់ធ្ងន់ថា កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាផលប្រយោជន៍រួម គ្មានប្រទេសណាឈ្នះសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធទេ ពីព្រោះសង្គ្រាមធ្វើឱ្យបាត់បង់ផលប្រយោជន៍ចិន និងអាមេរិក ក៏ដូចជាពិភពលោក ។ រីឯឱនភាពពាណិជ្ជកម្ម ដែលជាប្រធានបទសំខាន់ក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺចិនពុំស្វែងរកប្រាក់ចំណេញពីឱនភាពពាណិជ្ជកម្មទេ ប៉ុន្តែចិនអាចសហការលើផ្នែកជាច្រើនជាមួយអាមេរិក ៕










