កាសែត The Nation Thailand បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែមករានេះ ថាអំឡុងប៉ុន្មានថ្ងៃនេះ ប្រទេសថៃកំពុងទទួលរងនូវការបំពុលខ្យល់កម្រិតខ្ពស់ PM ២.៥ ខណៈដែលសាលារៀនចំនួន ៥៣ ទូទាំងប្រទេសបានប្រកាសបិទជាបណ្តោះអាសន្នហើយ។.png)
PM (Particulate Matter) គឺសម្តៅទៅលើការបំពុលបរិយាកាស ដែលជាការផ្សំគ្នារវាងភាគល្អិត និងដំណក់ទឹកតូចៗ មានផ្ទុកនូវសមាសធាតុគីមី។ ភាគល្អិតទាំងនោះ តែងប្រែប្រួលទាំងទំហំ រូបរាង សមាធាតុគីមី និងប្រភពដើមផ្សេងៗ។ ជាទូទៅ ការបំពុលខ្យល់នេះគឺចែកចេញជា ២ ប្រភេទ គឺ PM ១០ និង PM ២.៥។ 
PM ១០ មានន័យថា ការបំពុលខ្យល់ នៃភាគល្អិតដែលមានអង្កត់ផ្ចត់ ១០ មីក្រូម៉ែត្រ ឬតិចជាងនេះ។ PM ១០ គឺកើតចេញពីលម្អងធូលី ផ្សិត និងបាក់តេរីជាដើម ដែលមានប្រភពមកពីធម្មជាតិ ដូចជាការដ្ឋានសំណង់ កន្លែងចាក់សំរាម កន្លែងកសិកម្ម ភ្លើងឆេះព្រៃ ការដុតសំរាមជាដើម។ យ៉ាងណា វាក៏បង្កផលប៉ះពាល់ដល់សុខភាព ប្រសិនបើស្រូបចូលទៅក្នុងសួត បង្កឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម អាឡាក់ស៊ីជាមួយនឹងច្រមុះ ភ្នែក បំពង់ករជាដើម។.png)
ចំណែក PM ២.៥ វិញ ដែលភាគល្អិតដែលអង្កត់ផ្ចត់ ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ។ PM ២.៥ មានប្រភពមកពីការដុតចំហេះ ការបំភាយឧស្ម័នពីយាន្តជំនិះ ដំណើរការឧស្សាហកម្ម ការដុតឥន្ធនៈហ្វូស៊ីល និងប្រតិកម្មគីមីកម្រិតខ្ពស់លើបរិយាកាស។ ចំពោះផលប៉ះពាល់សុខភាពវិញ គឺខ្លាំងជាងកម្រិត PM ១០ ទៅទៀត ដែលបណ្តាលឲ្យភាគល្អិតទាំងនោះជ្រៀតចូលតាមសួត ទៅកាន់ចរន្តឈាម រាលដាលដល់បេះដូង សរសៃឈាមខួរក្បាល ជម្ងឺមហារីក និងជម្ងឺសួតរាំរ៉ៃជាដើម ហើយប៉ះពាល់ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកមានសុខភាពទន់ខ្សោយ។
ដូច្នេះហើយ ដើម្បីការពារអំឡុងពេលដែលមានការបំពុលខ្យល់ អ្នកទាំងអស់គ្នា ត្រូវជៀសវាងសកម្មភាពខាងក្រៅផ្ទះ បិទទ្វារបិទបង្អួចឲ្យបានជិតល្អ ហើយរាល់ពេលចេញក្រៅក៏ត្រូវពាក់ម៉ាស់និងវែនតាជាប់ជានិច្ច។ ម៉្យាងវិញទៀត ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំយើងឲ្យរឹងមាំផងដែរ៕










