ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក អេកការ៉ាន់ញូ អាប់រ៉ាក់បាន មន្ត្រីនាំពាក្យសាលាក្រុងបាងកកនិយាយថា សាលាក្រុងបានប្រកាសឱ្យបិទសាលារៀន២១កន្លែង និងពន្យារពេលធ្វើការពីផ្ទះ (Work from Home) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ដើម្បីកាត់បន្ថយបរិមាណរថយន្តបើកបរនៅតាមផ្លូវ ដែលធ្វើឱ្យធូលីកខ្វក់កើនឡើងខ្លាំងក្នុង៥០តំបន់របស់ទីក្រុង ។
កន្លងមក សាលាក្រុងបានស្នើសុំការសហការពីមន្ត្រីរាជការ ក្រុមហ៊ុនឯកជន និងពលរដ្ឋ ធ្វើការពីផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ហើយសាលាក្រុងនឹងពន្យារពេលធ្វើការពីផ្ទះបន្តទៀត បើធូលីកខ្វក់នៅតែកើនឡើងខ្លាំង ។ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា បរិមាណធូលីកើនឡើងលើសស្តង់ដារក្នុង៥០តំបន់ ។
បើពលរដ្ឋណាពុំអាចធ្វើការពីផ្ទះ ឬចាំបាច់ត្រូវចេញពីផ្ទះ សូមឱ្យប្រុងប្រយ័ត្នថែទាំសុខភាព ជាពិសេស កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកជំងឺសួត, អាឡែស៊ី, បេះដូង, តម្រងនោមរ៉ាំរ៉ៃ និងដាច់សរសៃឈាមខួរក្បាល គួរពាក់ម៉ាស់ការពារធូលីជានិច្ចពេលចេញពីផ្ទះ និងកំណត់ពេលវេលានៅក្រៅអគារ ។
ពលរដ្ឋគួរផ្អាកធ្វើការ ឬហាត់ប្រាណនៅកណ្តាលថ្ងៃយូរ និងពិនិត្យអាការៈខុសប្រក្រតី ដូចជា ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក បើមានអាការៈខុសប្លែក ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។ ក្រៅពីនេះ គួរសម្អាតផ្ទះដោយជូតធូលី, ផ្អាកដុតសំរាម និងដុតធូប, ដាំដើមឈើជួយស្រូបជាតិពុល និងកម្ចាត់ធូលី, ធ្វើដំណើរតាមមធ្យោបាយសាធារណៈ, ពន្លត់ម៉ាស៊ីនពេលចតរថយន្ត និងពិនិត្យម៉ាស៊ីនរថយន្តឱ្យដំណើរការល្អ កុំឱ្យបញ្ចេញផ្សែងលើសស្តង់ដារ ។
ដោយឡែក សាលារៀននានានៅទីក្រុងបាងកក ត្រូវអនុវត្តវិធានការការពារធូលី និងដោះស្រាយបញ្ហាធូលីកខ្វក់ក្នុងបរិវេណសាលា ដោយនាយកសាលាមានសិទ្ធិបិទសាលាពេលមានធូលីកខ្វក់ខ្លាំងដើម្បីសុវត្ថិភាព និងសុខភាពកូនសិស្ស ។ បច្ចុប្បន្ន សាលារៀន២១កន្លែងបានបិទទ្វារដោយសារធូលីប៉ះពាល់សុខភាព ៕










