«បឹងយក្សម៉ាយ» ដែលមានទីតាំងស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី គឺជាបឹងកើតចេញពីបន្ទុះភ្នំភ្លើងធំជាងគេបង្អស់របស់កម្ពុជា។ បឹងនេះមិនសូវមានអ្នកស្គាល់ និងមិនសូវមានអ្នកបានទៅដល់ឡើយ ទោះជាយ៉ាងណាបច្ចុប្បន្នមន្ទីរបរិស្ថានខេត្តរតនគិរីបាននឹងកំពុងអភិវឌ្ឍបឹងយក្សម៉ាយបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទៅលេងកម្សាន្តឱ្យបានច្រើន និងជួយបង្កើតប្រាក់ចំណូលដល់ប្រជាសហគមន៍ផងដែរ។
បឹងយក្សម៉ាយ ឬហៅថាបឹងយាយមេម៉ាយ គឺជាបឹងមួយដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាច្រើននៅក្នុងខេត្តរតនគិរី ដោយមានសម្រស់ស្រស់ស្អាតមិនចាញ់បឹងយក្សឡោមប៉ុន្មាននោះទេ។ បឹងនេះស្ថិតក្នុងតំបន់ការពារធម្មជាតិដែនជំរកសត្វព្រៃលំផាត់ ហើយបច្ចុប្បន្នមន្ទីរបរិស្ថានខេត្តកំពុងអភិរក្ស និងធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរទៅទស្សនាលេងកម្សាន្តឱ្យបានច្រើនកុះករ។
ជាមួយទិដ្ឋភាពដ៏សែនស្ងប់ស្ងាត់ មានព្រៃព្រឹក្សាពណ៌បៃតងដុះអមជុំវិញ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសនោះគឺមានទឹកត្រជាក់ថ្លាឈ្វង់ បឹងយក្សម៉ាយក៏ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុតមួយផងដែរ។ ទោះជាយ៉ាងណាការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាហាក់មានការលំបាកខ្លាំង ដូច្នេះភ្ញៀវទេសចរគួរទៅលេងនៅរដូវប្រាំងទើបជាការល្អ។
គួរបញ្ជាក់ដែរថា ក្រៅពីបឹងយក្សម៉ាយ ខេត្តរតនគិរីក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏សម្បូរបែបជាច្រើនផងដែរដូចជា បឹងយក្សឡោម បឹងលំកុដ បឹងយក្សអោម និង បឹងការ៉ា ឬអ្នកស្រុកហៅថាបឹងភ្លោះជាដើម ដោយសារខេត្តភាគឦសានមួយនេះ សម្បូរទៅដោយភ្នំភ្លើងងាប់ ដូច្នេះបឹងនីមួយៗសុទ្ធតែកើតចេញពីបន្ទុះភ្នំភ្លើងទាំងអស់៕










