តៃវ៉ាន់ ៖ សារព័ត៌មាន Reuters រាយការណ៍ថា កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកម្រិត៦.៤រិចទ័រ ស្មើជម្រៅជាង៩គីឡូម៉ែត្រ ដែលមានចំណុចកណ្តាលនៅទីក្រុងតាពូ តំបន់ចៀអ៊ី ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ ។ ជំហ៊ានដំបូង អាជ្ញាធរបានរកឃើញពលរដ្ឋរងរបួសយ៉ាងហោចណាស់ ២៧នាក់ ។

កម្លាំងរំញ័រដោយសារគ្រោះរញ្ជួយដីបានធ្វើឱ្យផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងខូចខាត ខណៈអគារខ្ពស់ៗជាច្រើនកន្លែងនៅទីក្រុងតៃប៉ិ ដែលស្ថិតនៅចម្ងាយជាង៣០០គីឡូម៉ែត្រពីទីតាំងរញ្ជួយដី បានរង្គើ ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ប្រចាំនៅតំបន់ណាស៊ី ស្ថិតនៅក្បែរទីតាំងរញ្ជួយដី ឱ្យដឹងថា គ្មានការជូនដំណឹងពីការខូចខាតធ្ងន់ធ្ងរទេ ប៉ុន្តែមនុស្ស៣នាក់ ជាប់នៅក្រោមអគារបាក់បែកមួយកន្លែងក្នុងទីក្រុងថៃណាន ។
.png)
TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រដ៏ល្បីល្បាញបញ្ជាក់ថា ក្រុមហ៊ុនបានបញ្ជាឱ្យជម្លៀសបុគ្គលិកចេញពីរោងចក្រនៅតំបន់កណ្តាល និងភាគខាងត្បូងតៃវ៉ាន់រួចរាល់ហើយ ។
តៃវ៉ាន់បានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ហើយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាលើកចុងក្រោយរបស់តៃវ៉ាន់ គឺកើតឡើងកាលពីខែមេសា ឆ្នាំ២០២៤ ក្នុងកម្រិត៧.២រិចទ័រ នៅទីក្រុងឆ្នេរសមុទ្រភាគខាងកើតឈ្មោះ វ៉ាលៀន ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៣នាក់ ។ រីឯគ្រោះរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ កាលពីឆ្នាំ២០១៦ មានមនុស្សស្លាប់ជាង១០០នាក់ ។
លើសពីនេះ កាលពីឆ្នាំ១៩៩៩ តៃវ៉ាន់បានកើតគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ស្មើនឹងកម្រិត៧.៣រិចទ័រ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង២,០០០នាក់ ។ ចាប់ពីពេលនោះមក តៃវ៉ាន់បានកែសម្រួលច្បាប់សាងសង់ឡើងវិញដើម្បីឱ្យផ្ទះសម្បែង និងអគារសាងសង់ថ្មីរឹងមាំអាចទប់ស្កាត់គ្រោះរញ្ជួយដីយ៉ាងមានប្រសិទ្ធភាព ៕










