ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ ចាប់ផ្តើមរឹតបន្តឹង និងត្រួតពិនិត្យអត្តសញ្ញាណពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរចេញ-ចូលក្រុងប៉ោយប៉ែត ប្រទេសកម្ពុជាញឹកញាប់ ហើយស្នើឱ្យកម្ពុជាជួយត្រួតពិនិត្យការចេញ-ចូលរបស់ពលរដ្ឋថៃផងដែរ ។.png)
ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងកំណត់អត្តសញ្ញាណពលរដ្ឋថៃគ្រប់រូប ដែលធ្វើដំណើរចេញ-ចូលក្រុងប៉ោយប៉ែតញឹកញាប់របស់ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ គឺក្នុងគោលបំណងទប់ស្កាត់ជនខិលខូលដែលតែងតែបោកប្រាស់ពលរដ្ឋ ព្រមទាំងលុបបំបាត់គណនីធនាគារក្លែងក្លាយ ស្របតាមគោលនយោបាយរបស់មជ្ឈមណ្ឌលបង្ក្រាបបទល្មើសបច្ចេកវិទ្យា ។
.png)
សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋថៃដែលត្រូវអាជ្ញាធរសង្ស័យថា បានរួមគំនិតជាមួយក្រុមបោកប្រាស់នៅក្រុងប៉ោយប៉ែត គឺប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ នឹងត្រួតពិនិត្យប្រវត្តិរូបយ៉ាងលម្អិត ព្រមទាំងសាកសួរពួកគេពេលធ្វើដំណើរឆ្លងដែន ។ ជាមួយគ្នានេះ ប៉ូលិសអន្តោប្រវេសន៍ក៏ឱ្យបានស្នើឱ្យកម្ពុជាជួយតាមដានសកម្មភាពពលរដ្ឋថៃនៅក្រុងប៉ោយប៉ែត ។

ក្រៅពីការត្រួតពិនិត្យនៅច្រកព្រំដែនអន្តរជាតិ ក៏មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមច្រកឆ្លងដែនធម្មជាតិផងដែរ ដោយសារនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ទឹកក្នុងប្រឡាយរីងស្ងួតធ្វើឱ្យពលរដ្ឋថៃងាយស្រួលឆ្លងទៅក្រុងប៉ោយប៉ែត ដែលនៅឆ្ងាយពីគ្នាមិនដល់៥ម៉ែត្រ ។

កន្លងមក ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ បានប្រជុំជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ពលរដ្ឋថៃកុំឱ្យលួចទៅធ្វើការជាក្រុមបោកប្រាស់នៅប្រទេសជិតខាង ។ រីឯពលរដ្ឋថៃដែលធ្វើការនៅប្រទេសជិតខាង គឺត្រូវមានឯកសារ ដូចជា ៖ ឯកសារនិយោជកនៅក្រៅប្រទេស, លិខិតអនុញ្ញាតការងារពីស្ថានកុងស៊ុលថៃនៅក្រៅប្រទេស, លិខិតឆ្លងដែន និងប័ណ្ណការងារមានសុពលភាព ៕









