ថ្មីៗនេះ មហាជនជាច្រើននៅជុំវិញពិភពលោកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការដាក់ពិន្ទុ (Rating) របស់នារីជនជាតិស្បែកសរមួយរូប ដែលបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចំនួន ៧ កាលពីឆ្នាំ ២០២៤ ខណៈនាងបានចាប់ចិត្តខ្លាំងលើប្រទេសកម្ពុជា។
យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា Embla Andersson បានបង្ហាញវីដេអូមួយ ដែលសរសេររៀបរាប់ពីចំណាប់អារម្មណ៍នាង ក្រោយបានទៅទស្សនាប្រទេសចំនួន ៧ កាលពីឆ្នាំ ២០២៤។ ប្រទេសទាំងនោះគឺរួមមាន កម្ពុជា វៀតណាម ថៃ ឡាវ សិង្ហបុរី តង់ហ្សានី និងហុងគ្រី។
កាន់តែពិសេស ក្នុងចំណោមប្រទេសទាំង ៧ នេះ នាងហាក់ចាប់ចិត្តខ្លាំងជាមួយនឹងប្រទេសកម្ពុជា និងហ៊ានដាក់ពិន្ទុឲ្យ ១០/១០ តែម្តង។ មូលហេតុទី ១ ដែលនាងចូលចិត្តទឹកដីអច្ឆរិយនេះមួយ ក៏ព្រោះតែប្រជាជនខ្មែរមានសន្តានចិត្តល្អគ្រប់ៗគ្នា។ នាងមានអារម្មណ៍ថា កម្ពុជាប្រៀបដូចជាផ្ទះទី ២ របស់នាង ខណៈដែលទឹកដីមួយនេះបានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត ហើយថែមទាំងសម្បូរដែនកោះដ៏ស្រស់ស្អាតជាច្រើន។ បន្ថែមពីនេះ បុរសខ្មែរក៏សង្ហាៗទៀតផង។
ដោយឡែក បើក្រឡេកទៅកាន់ប្រទេសវៀតណាមវិញ នារីដ៏ស្រស់ស្អាតរូបនេះ ក៏បាន Rate ឲ្យពិន្ទុខ្ពស់ផងដែរគឺ ៩/១០ ព្រោះតែអាហារឆ្ងាញ់ សម្បូរកន្លែងស្អាតៗ និងមានអ្វីអស្ចារ្យ ប្លែកៗ ជាច្រើនសម្រាប់ឲ្យនាងរុករក។ ប្រទេសថៃ នាង Rate ឲ្យ ៧/១០ ជាទីតំាងដែលសម្បូរភ្ញៀវទេសចរ ក៏ដូចជាអាចចំណាយពេលវេលាដ៏មានតម្លៃនូវទីនោះបាន។
សម្រាប់ប្រទេសឡាវ នាង Rate ឲ្យ ៦/១០ មានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល តែពេលនៅទីនោះនាងហាក់មិនសូវមានអារម្មណ៍សុវត្ថិភាពសោះឡើយ។ ប្រទេសសិង្ហបុរីវិញ Rate ឲ្យ ៥/១០ ជាទីក្រុងទំនើប តែមិនមានជាចំណូលចិត្តនាងឡើយ។ ខណៈ២ ប្រទេសទៀតដែលនៅសល់ គឺប្រទេសតង់ហ្សានី នាង Rate ឲ្យ ៨/១០ ហើយប្រទេសហុងគ្រី នាង Rate ឲ្យ ៦/១០ ផងដែរ៕










