បច្ចុប្បន្ន បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមួយនៃការងាររបស់មនុស្ស ហើយគេរំពឹងថា នាថ្ងៃអនាគត ការងារមួយចំនួននឹងលែងត្រូវការមនុស្ស ប៉ុន្តែនឹងជំនួសដោយបច្ចេកវិទ្យា AI ។ លទ្ធផលស្ទង់មតិស្តីពី «Future of Jobs» របស់ World Economic Forum (WEF) កាលពីដើមខែមករា ឆ្នាំ២០២៥ បង្ហាញថា ក្រុមហ៊ុននៅទូទាំងពិភពលោក ស្មើ៤១% គ្រោងកាត់បន្ថយ ឬបញ្ឈប់បុគ្គលិក និងប្រើប្រាស់បច្ចេកវិទ្យា AI ជំនួស នៅឆ្នាំ២០៣០ ។

វាជាការស្ទង់មតិក្រុមហ៊ុនធំៗរាប់រយនៅលើពិភពលោក ហើយលទ្ធផលស្ទង់មតិបង្ហាញទៀតថា ក្រុមហ៊ុនជាង៧៧% មានគម្រោងបណ្តុះបណ្តាលជំនាញថ្មីដល់បុគ្គលិក ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ដើម្បីឱ្យបុគ្គលិកអាចធ្វើការជាមួយបច្ចេកវិទ្យា AI បានល្អ ។ តាមរបាយការណ៍ឆ្នាំ២០២៥ បង្ហាញថា បច្ចេកវិទ្យាទំនើបនឹងផ្តល់លទ្ធផលល្អ១០០% ដល់គ្រប់តួនាទីការងារ ដែលរបាយការណ៍នេះផ្ទុយពីរបាយការណ៍កាលពីឆ្នាំ២០២៣ ។

ការរីកចម្រើននៃបច្ចេកវិទ្យា AI បានផ្លាស់ប្តូរទីផ្សារការងារយ៉ាងឆាប់រហ័ស និងធ្វើឱ្យក្រុមហ៊ុននានាត្រូវការបុគ្គលិកមានជំនាញបច្ចេកវិទ្យាកាន់តែច្រើន ខណៈជំនាញផ្សេងៗធ្លាក់ចុះ ដូចជា ៖ Graphic Designer ។ បច្ចេកវិទ្យា AI បានធ្វើឱ្យផ្លាស់ប្តូរក្នុងផ្នែកឧស្សាហកម្ម និងការងារគ្រប់វិស័យ ដោយបច្ចេកវិទ្យានេះអាចបង្កើតសារ រូបភាព និងខ្លឹមសារផ្សេងៗតាមតម្រូវការអ្នកប្រើប្រាស់ ។

ចំណែកការងារដែលនាយកក្រុមហ៊ុនគិតថា ចំនួនបុគ្គលិកនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សនាពេលឆាប់ៗ រួមមាន ៖ បុគ្គលិកប្រៃសណីយ៍, ផ្នែកបេឡា និង Graphic Designer ខណៈបុគ្គលិកមានជំនាញបច្ចេកវិទ្យា នឹងមានតម្រូវការច្រើន។ រីឯការស្ទង់មតិកាលពីឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមហ៊ុនជិត៧០% មានគម្រោងជួលបុគ្គលិកថ្មីមានជំនាញ AI ឬអាចធ្វើការជាមួយ AI ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា AI បានចូលមកធ្វើការងារជំនួសមនុស្សជាបន្តបន្ទាប់ ។ ជាក់ស្តែង ក្រុមហ៊ុនរក្សាទុកឯកសារ ឈ្មោះ Dropbox និង Duolingo គឺជា App រៀនភាសា បានបញ្ឈប់បុគ្គលិកមួយចំនួនដោយសារបច្ចេកវិទ្យា AI ៕









