Home ព័ត៌មានអន្តរជាតិ វីដេអូក្រពើលើកជើងផុតពីទឹក ដូចបក់ដៃហៅមនុស្សឱ្យចុះទឹក កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម

វីដេអូក្រពើលើកជើងផុតពីទឹក ដូចបក់ដៃហៅមនុស្សឱ្យចុះទឹក កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម

66
0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ អ្នកលេងបណ្តាញសង្គមឥណ្ឌូណេស៊ីបានបង្ហាញវីដេអូមួយមានចំនួនទស្សនារហូតដល់ជាង៥០លានលើក គឺគេបានឃើញក្រពើ១ក្បាលហាក់កំពុងធ្វើពុតជាលង់ទឹក និងបញ្ឆោតឱ្យមនុស្សចុះក្នុងទឹក ។ ប៉ុន្តែអ្នកជំនាញនិយាយថា ក្រពើពុំចាំបាច់ព្យាយាមដល់ថ្នាក់នេះទេដើម្បីបានចំណីស៊ី ។

វីដេអូបង្ហាញពីទង្វើប្លែកៗរបស់ក្រពើកំពុងហែលទឹកក្នុងទន្លេបារិតូ នៅកោះបរនៀ ប្រទេសឥណ្ឌូណេស៊ី បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។ មនុស្សមួយចំនួនបារម្ភថា ក្រពើនេះបានលើកជើងខាងមុខឡើងលើ ខណៈខ្លួនវាស្ថិតនៅក្រោមទឹក គឺជាការធ្វើពុតដើម្បីបញ្ឆោតឱ្យមនុស្សចុះក្នុងទឹក រួចហើយ វាក៏ចាប់ស៊ីជាចំណី ។ មនុស្សខ្លះទៀតថា ការវាយប្រហាររបស់ក្រពើគួរឱ្យខ្លាច ហើយបើវាចេះបញ្ឆោតមនុស្សបែបនេះ គឺកាន់តែគួរឱ្យខ្លាចថែមទៀត ។

តាមគេហទំព័រ Science Daily បញ្ជាក់ថា ក្រពើ គឺជាសត្វឆ្លាត និងពូកែចាប់ចំណី ។ បើទោះជាវាមានគុណសម្បត្តិបែបនេះក្តី ប៉ុន្តែអ្នកជំនាញបដិសេធថា ក្រពើពុំចេះបញ្ឆោតមនុស្សឱ្យចុះទឹកទេ ហើយវាពុំពិតដូចការលើកឡើងឡើយ ។ ជារៀងរាល់ឆ្នាំ ក្រពើបានវាយប្រហារមនុស្សរាប់រយដង ហើយក្រពើទឹកប្រៃមានគ្រោះថ្នាក់បំផុត រីឯរូបភាពក្រពើក្នុងវីដេអូពុំច្បាស់ថា វាជាពូជអ្វីទេ ។

លោក Brandon Sidelo អ្នកស្រាវជ្រាវពីមនុស្ស និងសត្វ នៅសាកលវិទ្យាល័យ Charles Darwin ប្រទេសអូស្ត្រាលី និយាយថា ក្រពើ១ក្បាលនេះអាចកំពុងស៊ីចំណីក្នុងមាត់ ទើបវាបង្ហាញទង្វើប្លែកៗ ។ រីឯអ្នកជំនាញផ្នែកសត្វ និយាយថា ការលើកឡើងបែបនេះខុសពីការពិត គឺកន្ទុយក្រពើអាចជាប់នឹងអ្វីមួយ ទើបធ្វើឱ្យវាពុំអាចហែលទឹកបាន ។

សាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ Missouri សហរដ្ឋអាមេរិក បាននិយាយមកកាន់ទស្សនាវដ្តី Newsweek ថា រូបភាពនេះធ្វើឱ្យមនុស្សភាគច្រើនគិតថា ក្រពើកំពុងស្ថិតក្នុងគ្រោះថ្នាក់ចង់ឱ្យមនុស្សជួយ គឺវាគួរឱ្យអស់សំណើច ។

រីឯលោក Gregory Erikson សាស្ត្រាចារ្យជីវវិទ្យានៅសាកលវិទ្យាល័យរដ្ឋផ្លរីដា និងមានជំនាញវិភាគការស៊ីចំណីរបស់ក្រពើ ពុំជឿថា ក្រពើព្យាយាមបោកមនុស្សឱ្យចុះទឹកទេ ហើយរូបភាពនេះពុំធ្លាប់កើតឡើងពីមុន ពីព្រោះវាចូលចិត្តលាក់ខ្លួនតាមធម្មជាតិ និងពុំចាំបាច់ប្រើវិធីនេះដើម្បីបានចំណី ។ ប៉ុន្តែវានឹងបង្ហាញភាពក្លាហានក្នុងពេលត្របាក់ចំណី ៕