ធ្លាប់តែជាបុរសសាមញ្ញៗ មិនសូវអួតសម្ភារៈនិយម ពាក់ខោអាវដដែលៗ ប៉ុន្តែឥឡូវនេះស្ថាបនិក Meta ប្រែហើយក្លាយជាបុរសហៃសូបំផុតក្នុងឆ្នាំ ២០២៥។
ថ្មីៗនេះមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើនាឡិការដៃរបស់លោក Mark Zuckerberg នៅពេលដែលលោកបានបង្ហោះវីដេអូមួយនិយាយអំពី ការកែប្រែនូវ Policy ថ្មីរបស់ខ្លួន ដោយដកចោលនូវមុខងារ fact-checking ហើយជំនួសមកវិញដោយ Community Notes។
ប៉ុន្តែនៅក្នុងវីដេអូនោះគេមិនសូវចាប់អារម្មណ៍ខ្លឹមសារដែលលោកនិយាយនោះទេ ផ្ទុយទៅវិញគឺគេបែរជាចាប់អារម្មណ៍ទៅលើនាឡិការដៃដែលមហាសេដ្ឋីរូបនេះពាក់ទៅវិញ។ នាឡិកាដៃដ៏ប្រណីតរបស់ថៅកែ Facebook និង Instagram គឺជាម៉ូដែល Greubel Forsey Hand Made 1 មានតម្លៃជាង ១ លានដុល្លារអាមេរិក អាចទិញផ្ទះបានមួយខ្នង និងឡានទំនើបបានមួយគ្រឿង។ នាឡិកានេះផលិតដោយក្រុមហ៊ុនរបស់ស្វីស ធ្វើឡើងដោយដៃសុទ្ធ ៩៥ ភាគរយ រួមទាំងចំណាយពេលរហូតដល់ ៦០០០ ម៉ោងទម្រាំផលិតបាន ១ គ្រឿងៗ។ 
Greubel Forsey គឺជាម៉ាកនាឡិកាដៃប្រណីត ដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោក សូម្បីតែរបស់មួយទឹក ក៏មានតម្លៃចន្លោះពី ១៥,០០០០ ដល់ ៥០,០០០០ ដុល្លារអាមេរិកផងដែរ។ យើងដឹងហើយថាប៉ុន្មានសប្តាហ៍មុនលោក Zuckerberg ទើបតែទិញកប៉ាល់ទំនើបតម្លៃ ៣០០ លានដុល្លារនោះទេ ហើយថ្មីៗនេះលោកក៏បានទិញនាឡិការដៃប្រណីតតម្លៃ ១ លានដុល្លារទៀត នេះសរបញ្ជាក់ឱ្យឃើញថា ស្ថាបនិក Meta លែងដូចមុនហើយ មិនមែនជាបុរសសាមញ្ញ ធម្មតាដូចយើងឃើញទៀតទេ។ 
ទោះជាយ៉ាងណាវាមិនចម្លែកទេដែលមហាសេដ្ឋីរូបនេះប្រើប្រាស់របស់របរទំនើបៗ និងប្រណីតៗ។ កាលពីឆ្នាំមុនលោកក៏បានប្តូរស្ទីលតែងខ្លួន ដូចជាការស្លៀកសម្លៀកបំពាក់ប្រេនៗជារៀងរាល់ថ្ងៃ ពាក់ខ្សែកមាសធំៗ រួមទាំងការប្រើរបស់ថ្លៃៗទៀតផង ដែលបង្ហាញថាសម័យជឿនលឿន អ្វីៗគឺមិនដូចពីមុនឡើយ តែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Mark Zuckerberg ធ្លាប់បាននិយាយថា លោកតែងខ្លួនប្លែកៗ និងប្រើប្រាស់របស់ថ្លៃៗ គឺដោយសារលោកចង់កែលម្អជីវិតរបស់លោក លុបបំបាត់រឿងមិនល្អដែលកើតឡើងពីមុន រួមទាំងបន្ថែមថាមពលដល់ជីវិត៕










