អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖” ករណីតារារ៉េប Ruthko កើតឡើងដោយសារអ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន”។
ជនបង្កមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-300 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.2477 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ (Ruthko) ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕.png)









