កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក អាណាន់ ចងកែវវឌ្ឍនា អ្នកស្រាវជ្រាវផ្នែកមេរោគនៅប្រទេសថៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Anan Jongkaewwattana» ថា ក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេស បានរកឃើញវិធីព្យាបាលអ្នកជំងឺអេដស៍ (HIV) ឱ្យជាសះស្បើយដាច់ ។ លោកប្រាប់ថា ជំងឺអេដស៍នឹងអាចជាសះស្បើយបាន ក្រោយពីពិភពលោក រស់នៅជាមួយជំងឺនេះអស់រយៈពេលជាង៤០ឆ្នាំ ។

ការព្យាបាលជំងឺអេដស៍ដោយការប្រើប្រាស់បច្ចេកវិទ្យាទទួលកោសិកាឈាមស T cell ឬ TCR (T Cell Receptor) ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីស្វែងរក និងកម្ចាត់មេរោគដែលសម្ងំលាក់ខ្លួនក្នុងរាងកាយមនុស្ស ។ វិធីថ្មីនឹងអាចផ្លាស់ប្តូរវិធីព្យាបាលជំងឺអេដស៍ ដែលប្រទេសនានាអនុវត្តកន្លងមក ។
បច្ចុប្បន្ន អ្នកជំងឺអេដស៍ត្រូវលេបថ្នាំប្រឆាំងជំងឺអេដស៍អស់មួយជីវិត ហើយបើទោះជាថ្នាំទាំងនេះមានប្រសិទ្ធភាពអាចគ្រប់គ្រងមេរោគកុំឱ្យរីករាលដាល និងជួយឱ្យអ្នកជំងឺមានជីវិតរស់នៅបន្តទៀត ប៉ុន្តែវាពុំអាចកម្ចាត់មេរោគអេដស៍ឱ្យអស់ពីក្នុងខ្លួនឡើយ ។ គេចាត់ទុកថា មេរោគអេដស៍ គឺជាមេរោគឆ្លាត ដោយសារវាអាចលាក់ខ្លួនក្នុងកោសិកា CD4+ T cells ដែលប្រៀបដូចជារបងជួយការពារមេរោគ ហើយថ្នាំពុំអាចកម្ចាត់មេរោគ ឬចូលក្នុងកោសិកានេះបានទេ ។
ក្រុមហ៊ុនអង់គ្លេសឈ្មោះ Immunocore បានរកឃើញវិធីព្យាបាលអ្នកជំងឺអេដស៍ ដោយសារវិធីថ្មីនេះអាចចូលទៅក្នុងកោសិកាដែលមេរោគលាក់ខ្លួន ដោយប្រើប្រាស់បច្ចេកវិទ្យា bispecific TCR ហើយវាមានតួនាទីស្រាវជ្រាវរកមេរោគ, ប្រាប់ពីកន្លែងមេរោគលាក់ខ្លួន និងបំផ្លាញកោសិកាលាក់ខ្លួនរបស់មេរោគ ។ ក្រុមហ៊ុនអង់គ្លេសបានសាកល្បងនៅគ្លីនិករួចហើយឃើញថា ការព្យាបាលមានសុវត្ថិភាព ហើយក្រុមហ៊ុនកំពុងស្រាវជ្រាវបន្ថែមទៀតដើម្បីផលិតថ្នាំ ។
ដោយឡែក អ្នកវិទ្យាសាស្ត្រផ្សេងទៀតបានស្រាវជ្រាវរកវិធីព្យាបាលផ្សេងៗ ក្នុងនោះមានវិធីព្យាបាលមានប្រសិទ្ធភាពបំផុត គឺ Broadly Neutralizing Antibodies ដែលអាចបំផ្លាញមេរោគអេដស៍គ្រប់ប្រភេទ ។ វិធីព្យាបាលមួយទៀត គឺការប្រើប្រាស់ហ្សែនតាមរយៈបច្ចេកវិទ្យា CRISPR ដើម្បីកម្ចាត់កោសិការាងកាយដែលឆ្លងមេរោគ ។ ក្រៅពីនេះ មានវិធីព្យាបាលហៅថា Kick and Kill គឺប្រើប្រាស់ថ្នាំជំរុញឱ្យមេរោគចេញពីកន្លែងលាក់ខ្លួន ដើម្បីឱ្យប្រព័ន្ធការពាររាងកាយ ឬថ្នាំសម្លាប់មេរោគ ។
.png)
ហេតុនេះ យើងត្រូវរង់ចាំការស្រាវជ្រាវបន្ថែមទៀតរបស់ក្រុមហ៊ុនអង់គ្លេស ដើម្បីផលិតថ្នាំព្យាបាលមេរោគអេដស៍ឱ្យជាសះស្បើយ ។ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនឹងជួយពិភពលោក អាចព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយឆាប់ៗ ដោយការរួមបញ្ចូលវិធីព្យាបាលជាច្រើនដើម្បីបញ្ឈប់ការឆ្លងជំងឺនេះ ៕










