មួយរយៈក្រោយមកនេះ សន្ទុះនៃការគាំទ្រសួនសត្វភ្នំតាម៉ៅ គឺមានការកើនឡើងខ្លាំងមែនទែន បន្ទាប់ពីលេចវត្តមាន«អូនលំផាត់» ដែលគេប្រសិទ្ធនាមថាជា កូនដំរីនាំសំណាង។ ទន្ទឹមនឹងនេះ បើក្រឡេកទៅកាន់សួនសត្វមួយកន្លែងនៅឯប្រទេសថៃវិញ ក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាដោយសារតែវត្តមានរបស់កូនដំរីទឹក«មូឌែង»។
ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបយ៉ាងច្បាស់ អូនលំផាត់ បច្ចុប្បន្នកំពុងតែស្នាក់នៅនិងទទួលការព្យាបាលនៅឯសួនសត្វភ្នំតាម៉ៅ លើទឹកដីខេត្តតាកែវ។ កូនដំរីញីមួយក្បាលនេះមានអាយុប្រហែលនឹង ៦ ខែហើយ និងទម្ងន់ប្រមាណ ១៤០ គីឡូក្រាម។ ដោយសង្កេតឃើញថា អូនលំផាត់ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ទៅទស្សនាកម្សាន្តមិនដែលលស់មួយថ្ងៃទេ ដោយសារតែភាពឆ្លាតវៃ ចេះស្តាប់បង្គាប់ និងរូបរាងដ៏ខ្ជូតគួរឲ្យស្រលាញ់។
ថ្មីៗនេះ តារាងពេលវេលាចូលជួបអូនលំផាត់ ក៏បានលេចចេញមក ខណៈក៏បានសាយភាយនូវភាពភាពល្បីល្បាញកាន់តែខ្លាំងឡើង រហូតដល់មានអ្នកជួយឧបត្ថម្ភកូនដំរីមួយក្បាលនេះជាថវិការផង ក៏ដូចជាម្សៅទឹកដៅគោផងដែរ។ យ៉ាងណា សព្វថ្ងៃនេះ អូនក៏នូវមានរបួសជើងមុខខាងស្តំាដោយសារតែការដាក់អន្ទាក់របស់ព្រានព្រៃ ដែលត្រូវសម្រាកព្យាបាលជាច្រើនខែទៀត។

បើក្រឡេកទៅកាន់ប្រទេសថៃវិញ សួនសត្វ Khao Kheow Open ក្នុងខេត្តឈុនបុរី ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែវត្តមានរបស់កូនដំរីទឹក មូឌែង។ មូឌែង កើតអំឡុងខែកក្កដាឆ្នាំ ២០២៤ ខណៈទទួលបានភាពល្បីល្បាញខ្លាំងពេលវាមានអាយុ ២ ខែ ពោលគឺអំឡុងខែកញ្ញា។ បច្ចុប្បន្ន មូឌែងមានអាយុប្រហែល ៦ខែហើយ។
កូនដំរីទឹកមួយក្បាលនេះមានរូបរាងតូចច្រឡឹង ពណ៌ប្រផេះ និងមានសំណើមជាប់ជានិច្ច។ជាមួយនឹងរូបរាងដ៏គួរឲ្យស្រលាញ់ និងអាកប្បកិរិយាកំប្លែងៗ, មូឌែង ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Tik Tok និងហ្វេសបុក ខណៈភ្ញៀវទេសទេសចរទាំងជាតិនិងអន្តរជាតិសម្រុកយ៉ាងភ្លុកទឹកភ្លុកដី ទៅទស្សនាកូនដំរីទឹកមូឌែង។
រូបភាព Meme កំប្លែងៗរបស់មូឌែងបានសាយភាពពេញបណ្តាញសង្គមថៃ ខណៈដែលសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជាសម្លៀកបំពាក់ជាដើម បានបោះពុម្ពជារូបភាពមូឌែងជាបន្តបន្ទាប់ផងដែរ៕










