ប្រទេសឥណ្ឌូនេស៊ី៖ ហាងកាហ្វេមួយនៅប្រទេសឥណ្ឌូនេស៊ីដែលមានឈ្មោះ Bilik Rumah Coffe បានបង្កើតម៉ឺនុយភេសជ្ជៈថ្មីគឺកាហ្វេទឹកដោះគោរួមផ្សំជាមួយមីកញ្ចប់ ក្រូចឆ្មារ និងរោយម្ទេសពីលើ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម។

ថ្មីៗនេះម៉ឺនុយ “Ice Latte with Noodle” គឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី ដោយសារតែវាមានភាពប្លែកខុសពីកាហ្វេដទៃ ជាមួយរសជាតិពិសេសមិនធ្លាប់មាន ប៉ុន្តែក៏ទទួលបានមតិវិជ្ជមាន និងអវិជ្ជមានផងដែរ។
មនុស្សជាច្រើនបាននិយាយថា ភេសជ្ជៈថ្មីនេះរៀងភ្លាវបន្តិច ខណៈអ្នកខ្លះទៀតបាននិយាយថា ឆ្ងាញ់ពួកគេចូលចិត្ត។ ម៉ឺនុយកាហ្វេដ៏ពេញនិយមនេះរួមបញ្ចូលគ្នានូវ latte ទឹកកកជាមួយនឹងមីកញ្ចប់ Indomie ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ី។ ចំពោះរបៀបនៃការឆុងភេសជ្ជៈដ៏ចម្លែកមួយនេះ គឺឆុងធម្មតាដូចកាហ្វេទូទៅដែរ ប៉ុន្តែខុសប្លែកនៅត្រង់ថា ក្រៅពីបន្ថែមប្រភេទ Topping ជាប្រភេទ Cream ឫ នំ Caramel គេបែរជាដាក់សរសៃមី ជំនួសទៅវិញ។
.png)
លើសពីនេះ គេបានបន្ថែមខ្ទឹមបំពង ម្ទេស និងក្រូចឆ្មាមួយចំណិតពីលើ ដើម្បីធ្វើឱ្យសរសៃមី ដែលដាក់លើពីលើកាហ្វេនោះមានរសជាតិកាន់តែឆ្ងាញ់។ ដូច្នេះការធ្វើម៉ឺនុយថ្មីនេះ គឺក្នុងគោលបំណងដើម្បីទាក់ទាញអតិថិជន ដោយចាប់ផ្តើមធ្វើកាហ្វេដាក់ទឹកដោះគោ ជាមួយទឹកកកធម្មតា ប៉ុន្តែជំនួសឱ្យការដាក់គ្រីមពីលើ ម្ចាស់ហាងក៏បានដាក់មីកញ្ចប់ និងម្ទេស ក្រូចឆ្មារពីលើវិញ។ ជាការពិតណាស់ Ice Latte គឺជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់យុវវ័យទូទាំងពិភពលោក ដោយភេសជ្ជៈមួយមុខនេះត្រូវបានគេយកមកច្នៃធ្វើជាភេសជ្ជៈប្លែកៗជាច្រើនមុខហើយ។
កាលពីមុនប្រទេសចិនបានយក Ice Latte ទៅរួមផ្សំជាមួយស្លឹកខ្ទឹម ឬហៅថាកាហ្វេស្លឹកខ្ទឹម ហើយហាងមួយទៀត ក៏បានបង្កើតម៉ឺនុយ កាហ្វេរស់ជាតិសាច់ជ្រូកផងដែរ ក្នុងគោលបំណងទាក់ទាញអតិថិជន។ នៅខែធ្នូ ឆ្នាំ ២០២៤ ភោជនីយដ្ឋានមួយក្នុងប្រទេសវៀតណាមដែលទើបនឹងបើកថ្មីៗ ក៏បានបង្កើតម៉ឺនុយអាហារប្លែកៗជាច្រើនដូចជា “មីទឹកដោះគោគុជ” ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេសផងដែរ៕










