ភ្នំត្បែងគឺជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និង សាសនា ដែលតំបន់នេះមានទីតាំងស្ថិតនៅខេត្តព្រះវិហារ។ ដោយសារតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ មានទឹកធ្លាក់ជាច្រើនកន្លែង លាយឡំនឹងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល តំបន់ភ្នំត្បែងបច្ចុប្បន្នគឺបានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងជាតំបន់ដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅថ្ងៃអនាគត ជាពិសេសក៏ជាជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ ។
លើសពីនេះតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មិនត្រឹមតែជាកន្លែងទស្សនាធម្មជាតិ ទស្សនាសត្វព្រៃ និងងូតទឹកធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងទីសក្ការៈបូជានិងជំនឿសាសនាដ៏ស័ក្តិសិទ្ធតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នផងដែរ។ ភ្ញៀវទេសចរដែលមកទស្សនាតំបន់នេះ អាចសម្រាកលំហែកាយ ឬជួបជុំបោះជំរុំ បង្កើនអនុស្សាវរីយ៍ ជាពិសេសនោះគឺបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមនុស្សជំនាន់ក្រោយទៀតផង។ ដូច្នេះដើម្បីទៅដល់កំពូលភ្នំនេះ អ្នកទេសចរត្រូវធ្វើដំណើរតាមជម្រាលភ្នំ ដែលអមទៅដោយទេសភាពដំណាំចម្ការរបស់ប្រជាជនដាច់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះ គឺត្រូវឡើងភ្នំដែលមានកម្ពស់ជាង ៤០០ ម៉ែត្រ និងមានកាំជណ្តើរ ១៨០០កាំ។
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ គឺជាទីជម្រកធម្មជាតិដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ដែលលាតសន្ធឹងលើផ្ទៃដី ២,៥ ម៉ឺនហិកតា។ ហេតុនេះហើយតំបន់ភ្នំត្បែងគឺពិតជាមានធនធានធម្មជាតិដ៏ស្រស់អស្ចារ្យ ជាឋានសួគ៌របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនគួរមើលរំលងបានឡើយ។ គួរបញ្ជាក់ដែរថា ភ្នំត្បែងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលតំបន់បេតិកភណ្ឌភ្នំត្បែងនេះ បានគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុកគូលែន, សង្គមថ្មី, ត្បែងមានជ័យ, ក្រុងព្រះវិហារ និងស្រុករវៀង៕
.png)










