ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មម្ហូបអាហារ ដោយសារមានកត្តាគាំទ្រជាច្រើន ដូចជា ៖ ចំនួនពលរដ្ឋច្រើន, កំណើនអ្នកមានជីវភាពធូរធា និងចំណង់ចំណូលចិត្តចម្អិនអាហាររបស់ពលរដ្ឋឥណ្ឌូណេស៊ី ។ ហេតុនេះ ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ី ដូចខាងក្រោមនេះ ។
.png)
១-សេវាកម្មដឹកជញ្ជូនអាហារ ៖ ក្រុមហ៊ុនបរទេសអាចបើកសេវាកម្មដឹកជញ្ជូនអាហារ ដោយសហការជាមួយភោជនីយដ្ឋានក្នុងស្រុក ពីព្រោះសេវាកម្មនេះទទួលបានប្រាក់ចំណូលច្រើន ក្រោយពីពលរដ្ឋឥណ្ឌូណេស៊ីចូលចិត្តការដឹកជញ្ជូនអាហារមកដល់ទីកន្លែងកាន់តែច្រើន ។
២-កសិដ្ឋានបន្លែគ្មានគីមី ៖ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌូណេស៊ីមានតម្រូវការបរិភោគអាហារល្អសម្រាប់សុខភាព ហើយនេះជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសធ្វើកសិដ្ឋានដាំបន្លែ ឬផ្លែឈើពុំប្រើប្រាស់សារធាតុគីមី សម្រាប់លក់នៅប្រទេសនេះ ។
៣-អាហារប្រពៃណី ៖ ក្រុមហ៊ុនបរទេសអាចលក់ម្ហូបអាហារប្រពៃណី ពីព្រោះឥណ្ឌូណេស៊ីមានអាហារប្រពៃណីជាច្រើនមុខ ដូចជា ៖ បាយឆា, សាច់ដោតចង្កាក់ និងសម្លសាច់ ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក និងភ្ញៀវទេសចរបរទេស ។

៤-អាហារសុខភាព ៖ ការបើកភោជនីយដ្ឋានលក់អាហារជំនួយដល់សុខភាព គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលចង់បានអតិថិជនចាប់អារម្មណ៍នឹងការថែទាំសុខភាព ។
.png)
៥-Franchise ៖ Franchise អាហារលំដាប់ពិភពលោក ត្រូវបានចាត់ទុកថា គឺជាអាជីវកម្មដ៏ទាក់ទាញមួយនៅឥណ្ឌូណេស៊ី ដោយសារពលរដ្ឋឥណ្ឌូណេស៊ីមានប្រាក់ចំណូលកើនឡើង ។
៦-អាហារវេចខ្ចប់ និងភេសជ្ជៈ ៖ ការវិនិយោគលើអាហារវេចខ្ចប់ និងភេសជ្ជៈ ដែលមានរសជាតិតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋឥណ្ឌូណេស៊ី គឺចាត់ទុកថា ជាអាជីវកម្មគួរឱ្យចាប់អារម្មណ៍ ។

៧-លក់អាហារតាមអនឡាញ ៖ ការលក់អាហារតាមអនឡាញ និងបញ្ជូនឱ្យអតិថិជនដល់ដៃ គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដើម្បីបំពេញតម្រូវការកើនឡើងខ្លាំង ពីព្រោះពលរដ្ឋឥណ្ឌូណេស៊ីត្រូវការភាពងាយស្រួល និងការបញ្ជូនអាហារទាន់ពេលវេលា ។
សរុបមក ក្រុមហ៊ុនបរទេសអាចប្រកបអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារដូចខាងលើនេះនៅប្រទេសឥណ្ឌូណេស៊ី និងគួរតែសិក្សាពីទីផ្សារបន្ថែមទៀត ដើម្បីឱ្យអាជីវកម្មរីកចម្រើន និងមិនងាយដួលរលំ ៕










