រយៈពេលថ្មីៗកន្លងមកនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកូនដំរីញី ២ ក្បាល ដែលត្រូវបានគេស្គាល់ថាជា អូនលំផាត់ និងអូនណូអែល ដោយសារតែភាពឆ្លាតវៃ គួរឲ្យស្រលាញ់ និងរឿងរ៉ាវដ៏គួរអាណិតរបស់ពួកវា។
អូនលំផាត់ ជាកូនដំរីញីមួយក្បាល មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម ដោយបច្ចុប្បន្ន កំពុងតែទទួលការសង្គ្រោះនិងព្យាបាលនៅឯសួនសត្វភ្នំតាម៉ៅ។ ភាពល្បីល្បាញរបស់វាគឺដោយតែភាពឆ្លាតវៃ រូបរាងដ៏ទាក់ទាញ និងរឿងរ៉ាវដ៏គួរឲ្យអាណិតអាសូរ។ មុនពេលដែលវាមកដល់សួនសត្វភ្នំតាម៉ៅ គឺវាមានរបួសជើងមុខខាងស្តាំដោយសារការដាក់អន្ទាក់របស់ព្រានព្រៃ។

អូនលំផាត់ ត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះភ្នំតាម៉ៅ កាលពីអំឡុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងណា ដោយសារតែមានរបួសជើងមុខខាងស្តាំនោះធ្ងន់ធ្ងរ គឺត្រូវការពេលវេលាព្យាបាលយូរទៀត ខណៈវាក៏មិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផងដែរ។ ដូច្នេះហើយ ក៏ត្រូវតែមានការថែទាំឲ្យបានដិតដល់ពីក្រុមការងារ នៅឯសួនសត្វនោះ។
ក្រឡេកទៅកាន់ដំរីញីមួយក្បាលទៀត គឺមានឈ្មោះថា ណូអែល ដែលបានចាប់កំណើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ ខណៈបច្ចុប្បន្ន កូនដំរីញីនេះ មានអាយុ៣ឆ្នាំហើយ។ វាក៏ត្រូវគេបានឱ្យដឹងថា ជាកូនដំរីឆ្លាតដ៏គួរឱ្យស្រឡាញ់ មានសុខភាពល្អមាំមួន និងមានទម្ងន់ជាង៧០០គីឡូក្រាម ។ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សមាគមអៃរាវត្តា បានធ្វើពិធីខួបកំណើតឱ្យកូនដំរី «ណូអែល» ដើម្បីអបអរគម្រប់អាយុ៣ឆ្នាំទៀតផង។

សូមជម្រាបថា ណូអែល កើតចេញផ្ទៃដំរីញីមួយក្បាលឈ្មោះ «អ៉ីកែវ» ដែលជាដំរីស្រុកញីមួយក្បាលគត់ប្រចាំខេត្តរតនគិរី។ ប៉ុន្តែអ្វីដែលគួរឱ្យអាណិតខ្លោចចិត្តនោះ តំាងពីកើតចេញពីផ្ទៃម្តាយមក ណូអែលហាក់ខ្វះភាពកក់ក្ដៅយ៉ាងខ្លាំង ដោយហេតុថានាង «អ៉ីកែវ» មិនព្រមឱ្យកូនទៅជិតទាល់តែសោះ។ តែយ៉ាងណា «ណូអែល» ក៏ទទួលបានការមើលថែយ៉ាងល្អពីក្រុមការងារ ទើបធ្វើឲ្យនាងតូចដំរីមួយក្បាលមានសុខភាពល្អមាំមួនរហូតមកដល់បច្ចុប្បន្ន៕










