បច្ចុប្បន្ននេះកង់អេឡិចត្រូនិកគឺមានការពេញនិយមណាស់មិនថានៅអឺរ៉ុប និងអាស៊ីនោះទេភាគច្រើនសុទ្ធតែប្រើប្រាស់កង់អេឡិចត្រូនិក។ ទោះជាយ៉ាងណានៅប្រទេសអង់គ្លេសថ្មីៗនេះគឺមានករណីដ៏រន្ធ.ត់មួយបានកើតឡើងនៅតំបន់ Catford នៃទីក្រុងឡុងដ៍ដោយសារកង់អេឡិចត្រូនិកផ្ទុះ ខណៈកំពុងសាកថ្ម បណ្តាលឱ្យឆេះផ្ទះយ៉ាងសន្ធោសន្ធៅ។.png)
យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា នៅពេលឆេះផ្ទះភ្លាមៗមានមនុស្ស ៣ នាក់នៅក្នុងផ្ទះ ប៉ុន្តែមានម្នាក់អាចរត់គេចខ្លួនបានដោយសុវត្ថិភាពតាមទ្វារខាងមុខ ប៉ុន្តែពីរនាក់ទៀតបានជាប់នៅលើដំបូលផ្ទះ ដោយសារតែផ្លូវរត់គេចងងឹតដាច់ភ្លើង ពួកគេក៏ឡើងទៅដំបូលផ្ទះតែម្តង។.png)
ជាអកុសល មនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់នោះបានធ្លាក់ពីលើដំបូល ហើយរងរបួសធ្ងន់ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ខណៈម្នាក់ទៀតត្រូវបានអ្នកពន្លត់អគ្គីភ័យជួយទាន់ពេលវេលា។ យោងតាមស្នងការរង Richard Field បាននិយាយថា “e-bikes និង e-scooters ត្រូវបានកត់ត្រាការឆេះប្រហែល ១៦០ ករណីហើយនៅទីក្រុងឡុងដ៍ក្នុងឆ្នាំនេះ ដែលបង្ហាញថាកង់ទាំងនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់”។ Field បានបន្តថា “កង់នេះត្រូវបានបំលែងពីកង់ធម្មតាដោយបន្ថែមកញ្ចប់ថ្ម lithium-ion ហើយត្រូវបានដោតនៅពេលអស់ថ្ម។ 
យោងតាមតំណាងរដ្ឋាភិបាលក៏បាននិយាយដែរថា កង់អគ្គិសនី ឬកង់អេឡិចត្រូនិកគឺពិតជាមានហានិភ័យខ្ពស់ខ្លាំងដោយសារការដំណើរការខុសប្រក្រតី ជាពិសេសប្រសិនបើជួសជុល ឬប្រើឆ្នាំងសាកមិនត្រឹមត្រូវវានឹងផ្ទុះ។ ដូច្នេះហើយសម្រាប់គ្រួសារដែលមានកង់ទាំងពីរប្រភេទនេះនៅក្នុងផ្ទះសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្តិច។ Field ក៏បានបន្តទៀតថា “ប្រសិនបើលោកអ្នកស្រឡាញ់កង់ប្រភេទនេះសូមកុំទិញតាមអនឡាញឱ្យសោះ យល់ល្អគួរតែទិញផលិតផលពីហាងល្បីឈ្មោះ ដែលផលិតផលនេះទំនងជាត្រូវនឹងស្តង់ដារសុវត្ថិភាពជាង”។
លោកបន្ថែមទៀតថា ប្រសិនបើអាចធ្វើបាន សូមទុកកង់អគ្គិសនី ឬម៉ូតូអគ្គិសនីរបស់អ្នកនៅខាងក្រៅ ឬយានដ្ឋានល្អជាង។ ប្រសិនបើអ្នកទុកវានៅក្នុងផ្ទះ សូមទុកវានៅជិតច្រកចេញ កុំដាក់វានៅក្នុងបន្ទប់ដែលបិទទ្វារឱ្យសោះ ក្នុងករណីមានអគ្គីភ័យ វាបឹងអាចបង្កគ្រោះថ្នាក់ដល់លោកអ្នក។ លើសពីនេះអ្នកប្រើក៏ត្រូវបានណែនាំឱ្យប្រើឆ្នាំងសាកឱ្យបានត្រឹមត្រូវ មិនត្រូវសាកយូរពេក និងមិនត្រូវសាកថ្មពេលគេងនោះទេ៕










