ព្រែកទាល់ដែលមានទីតាំងស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ដែលបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនានូវសត្វស្លាបចម្រុះ ទេសភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ និងសិប្បកម្មកែច្នៃកំប្លោកជាដើម។ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ និងជាដែនជម្រកសត្វស្លាបកម្រច្រើនប្រភេទ រស់នៅជាសំបុកបង្កើតបានទស្សនីយភាពគួរឱ្យចង់ទស្សនាបំផុត។.png)
ដើម្បីធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរព្រែកទាល់ ភ្ញៀវទេសចរត្រូវឆ្លងកាត់ ២ដំណាក់កាលគឺផ្លូវគោក និងផ្លូវទឹក ដោយភ្ញៀវត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ ហើយត្រូវជួលទូកទៅកាន់ព្រែកទាល់។ នៅពេលទៅដល់លោកអ្នកនឹងបានឃើញជីវចម្រុះដ៏សម្បូរបែប រួមទាំងបក្សាបក្សីជាច្រើនប្រភេទប្រមូលផ្ដុំគ្នានៅរវាងពីខែធ្នូ ដល់ខែកុម្ភៈ បង្កើតបានជាទិដ្ឋភាពស្រស់ស្អាតបំផុត។ សម្រាប់ពេលវេលាដែលល្អក្នុងការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹម និងពេលរសៀល។
ដូច្នេះបើភ្ញៀវទេសចរចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ នៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ គឺមានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរសម្រាកនៅទីនោះ រួមទាំងសេវាម្ហូបអាហារ និងភេសជ្ជៈ អ្នកដឹកភ្ញៀវតាមទូក និងកន្លែងលក់វត្ថុអនុស្សាវរីយ៍។ ហេតុនេះភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយ៍ ដូចជាកាបូប និងសម្ភារៈប្រើប្រាស់ដែលធ្វើឡើងពីកំប្លោកផលិតដោយប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍បានផងដែរ។ ជាពិសេសនាពេលរសៀល ភ្ញៀវទេសចអាចគយគន់សម្រស់នៃព្រះអាទិត្យលិច និងអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាតក្នុងសហគមន៍បានទៀតផង។

ក្រៅអំពីភាពទាក់ទាញទេសចរណ៍ដោយការទស្សនាសត្វស្លាប ភ្ញៀវទេសចរក៏អាចទទួលបានបទពិសោធន៍ល្អៗអំពីការទស្សនាទេសភាពបឹងទន្លសាបដ៏ធំល្វឹងល្វើយ ព្រៃលិចទឹក ព្រៃរនាម ភូមិបណ្តែតទឹករបស់ប្រជាជនជាង ១ ២០០ គ្រួសារ ជីវភាពរស់នៅរបស់ប្រជានេសាទសហគមន៍នេសាទ ការចិញ្ចឹមសត្វ និងវត្តទេសចរណ៍ដែលពាក់ព័ន្ធនឹងរឿងព្រេងបុរាណផងដែរ។ ដូច្នេះការទស្សនកិច្ចរបស់ភ្ញៀវទេសចរនៅតំបន់រ៉ាំសាព្រែកទាល់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជារួមចំណែកក្នុងការការពារអភិរក្សបរិស្ថានធម្មជាតិ និងលើកស្ទួយវិស័យអប់រំក្នុងមូលដ្ឋានផងដែរ៕












