សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពផ្លូវជាតិអាមេរិកបានជូនដំណឹងទៅកាន់ម្ចាស់រថយន្ត Tesla ជិត៧សែនគ្រឿង ឱ្យជ្រាបពីបញ្ហាភ្លើងសញ្ញាព្រមានប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់រថយន្ត ។ ការជូនដំណឹងនេះ គឺសម្រាប់រថយន្តអគ្គិសនី Cybertruck ឆ្នាំ២០២៤, Model 3 ឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ និង Model Y ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ។
ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពផ្លូវជាតិអាមេរិកបញ្ជាក់ថា ភ្លើងសញ្ញាព្រមានប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់រថយន្តទាំងនេះ គឺពុំសូវភ្លឺច្បាស់ក្នុងអំឡុងពេលបើកបរ ។ រីឯក្រុមហ៊ុន Tesla របស់លោក Elon Musk លើកឡើងថា ក្រុមហ៊ុននឹងអាបឌេតព័ត៌មានពីរថយន្តអគ្គិសនីមានបញ្ហាភ្លើងសញ្ញាទៅកាន់ម្ចាស់រថយន្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ការប្រមូលរថយន្តអគ្គិសនីពីអតិថិជនវិញ គឺជាការផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់រថយន្ត ហើយក្រុមហ៊ុន Tesla បានប្រមូលរថយន្តពីអតិថិជននៅអាមេរិកជាញឹកញាប់ ។ កាលពីឆ្នាំ២០២៣ ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពផ្លូវជាតិអាមេរិកកត់ត្រាថា Tesla បានប្រមូលរថយន្តអគ្គិសនីមកវិញ ចំនួន៧លើក ដូចជា ៖ រថយន្ត Cybertruck ដើម្បីដោះស្រាយបញ្ហាកាមេរ៉ាផ្នែកខាងក្រោយ, ផ្លិតទឹកខូច និងរលុងនៅផ្នែកខាងក្រោយរថយន្ត ។

កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានជូនដំណឹងពីកំហុសបច្ចេកទេសទៅកាន់ម្ចាស់រថយន្ត ចំនួន១លាន៨សែនគ្រឿង រួមមាន ៖ រថយន្ត Tesla Model 3, S និង X ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ រួមទាំងរថយន្តប្រភេទ Y ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដើម្បីជួសជុលផ្ទាំងមុខរបស់រថយន្ត ដែលអាចនឹងរបូតធ្លាក់ពេលបើកបរ បើបិទពុំត្រឹមត្រូវ ។
គួរបញ្ជាក់ថា ការប្រមូលរថយន្តពីអតិថិជនវិញរបស់ក្រុមហ៊ុន Tesla គឺស្មើនឹង២១% នៃការប្រមូលរថយន្តសរុបនៅអាមេរិក ក្នុងរយៈពេល៣ត្រីមាសដំបូង ឆ្នាំ២០២៤ ។ នៅខែកញ្ញា ឆ្នាំ២០២៤ Tesla បានប្រមូលរថយន្តច្រើនបំផុត គឺរហូតដល់ជាង១លានគ្រឿង (១,៨៥៨,៧៧៤គ្រឿង) ដោយសារបញ្ហាបច្ចេកទេស ៕










