ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា៖”រាជរដ្ឋាភិបាលគ្មានគម្រោងដាក់ភាសាវៀតណាមទៅក្នុងប្រព័ន្ធអប់រំកម្ពុជាទេ”។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា “ដរាបណាគណបក្សប្រជាជនដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងវិស័យអប់រំ។ ចំពោះភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ វៀតណាម ផ្សេងៗទៀត ជាភាសាសម្រាប់រៀនបន្ទាប់បន្សំប៉ុណ្ណោះ”។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ ធ្លាប់បានចេញមុខបកស្រាយម្តងរួចមកហលយ ដោយក្រសួងមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។

បន្ថែមពីនេះសម្ដេចធិបតី ក៏គូសបញ្ជាក់អំពីការដាក់ភាសាបរទេសសម្រាប់ក្មេងតូចៗ គួរដាក់បញ្ចូលតិចតួចបានហើយ ចាំដល់ថ្នាក់ធំបន្តិច ចាំយើងបន្ថែមឱ្យច្រើន។ ទំនើបកម្ម សូមកុំចោលមូលដ្ឋាន! នៅតូចៗ គួរដាក់ភាសាខ្មែរនិងគណិតវិទ្យា ឱ្យច្រើន។