ប្រទេសជប៉ុន ៖ Duolingo គឺជា App រៀនភាសាបរទេសដ៏ល្បីល្បាញបានស្ទង់មតិពលរដ្ឋជប៉ុនតាមអនឡាញ ចំនួន៤,៧០០នាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ៥៩ឆ្នាំ ពាក់ព័ន្ធនឹងការរៀនភាសាបរទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋជប៉ុនចូលចិត្តរៀនភាសាតាមកម្មវិធី ChatGPT ច្រើនជាងរៀនជាមួយគ្រូ ។.png)
លទ្ធផលការស្ទង់មតិបញ្ជាក់ថា អ្នកឆ្លើយតបការស្ទង់មតិស្មើ៥៨.៣% បានរៀនភាសាបរទេសតាម App ខណៈអ្នករៀនភាសាតាម YouTube ស្មើ៣៧% ។ អ្នកឆ្លើយតប៣៥.៦% ប្រាប់ថា រៀនតាមសៀវភៅ រីឯអ្នករៀនតាមអនឡាញស្មើ១៥.៦% ហើយមានតែ១៣.៨% ប៉ុណ្ណោះ ដែលរៀនជាមួយគ្រូផ្ទាល់ ។.png)
ChatGPT គឺជាកម្មវិធីដែលពលរដ្ឋជប៉ុនជ្រើសរើសសម្រាប់រៀនភាសាបរទេសច្រើនបំផុត ក្នុងនោះអ្នកឆ្លើយតបការស្ទង់មតិស្មើ១០.៩% រៀនភាសាតាម ChatGPT កាលពីឆ្នាំ២០២២ ។ ការរៀនភាសាតាមកម្មវិធីនេះបានកើនឡើងរហូតដល់ជិត២ដង នៅឆ្នាំ២០២៣ ហើយយុវជនជប៉ុនអាយុពី២០ឆ្នាំ ទៅ៣០ឆ្នាំ និយមរៀនភាសាតាមកម្មវិធីនេះច្រើនជាងរៀនជាមួយគ្រូ និងតាមវិទ្យុ ។

ក្រៅពីនេះ អ្នកឆ្លើយតបការស្ទង់មតិ២៧.៨% មានអាយុពី១៥ឆ្នាំ ទៅ១៩ឆ្នាំ ព្រមទាំងអ្នកឆ្លើយតបការស្ទង់មតិ១៥% មានអាយុពី២០ឆ្នាំ ទៅ២៩ឆ្នាំ ឆ្លើយថា ពួកគេធ្លាប់ប្រើប្រាស់កម្មវិធី AI Chatbot សម្រាប់រៀនភាសាបរទេស ។ នេះបញ្ជាក់ថា បច្ចេកវិទ្យានេះជាជម្រើសថ្មីសម្រាប់ការរៀនសូត្ររបស់យុវជនជប៉ុន ពីព្រោះពួកគេយកចិត្តទុកដាក់ខ្លាំងលើប្រសិទ្ធភាពពេលវេលា ។
ចំណែកភាសាបរទេសដែលពលរដ្ឋជប៉ុនបានរៀនច្រើនបំផុត គឺភាសាអង់គ្លេស ដោយសារមានតម្រូវការប្រើប្រាស់ក្នុងការងារ ។ បន្ទាប់មក ភាសាកូរ៉េពេញនិយមសម្រាប់ក្រុមយុវជន ពីព្រោះពួកគេចូលចិត្តតារាសម្តែងកូរ៉េខាងត្បូងល្បីៗ និងក្រុម K-pop ៕










