ប្រទេសថៃ ៖ ក្នុង១ឆ្នាំៗ ពិភពលោកមានសំរាមផ្លាស្ទិករហូតដល់ជាង៣៥០លានតោន ក្នុងនោះសំរាមផ្លាស្ទិកជាង៧០% ត្រូវបានយកទៅកប់ក្នុងដី ឬដុតចោលនាំឱ្យប៉ះពាល់ដល់បរិស្ថាន ហើយមានតែសំរាមផ្លាស្ទិក១០% ប៉ុណ្ណោះបានកែច្នៃឡើងវិញ ។ បម្រែបម្រួលអាកាសធាតុបណ្តាលឱ្យពិភពលោកក្តៅខ្លាំង និងធ្វើឱ្យប្រទេសនានាគិតពីកាកសំណល់ផ្លាស្ទិកប៉ះពាល់បរិស្ថាន ។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ថៃនឹងហាមឃាត់ការនាំចូលកាកសំណល់ផ្លាស្ទិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ក្រោយពីមានការអំពាវនាវតាំងពីឆ្នាំ២០១៨ ។ ក្រោយពីចិនហាមនាំចូលកាកសំណល់ផ្លាស្ទិកពីប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០១៧ បានធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងថៃ នាំចូលកាកសំណល់ផ្លាស្ទិកយ៉ាងច្រើនពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ រីឯម៉ាឡេស៊ីបាននាំចូលកាកសំណល់ផ្លាស្ទិកពីសហភាពអឺរ៉ុបច្រើនបំផុត ។.png)
មន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី អារ៉ាដា ហ្វឿងថង ឱ្យដឹងថា កន្លងមក ថៃមានបញ្ហាការនាំលួចនាំចូលកាកសំណល់អេឡិចត្រូនិកលាយឡំជាមួយផ្លាស្ទិក ហើយធ្វើឱ្យផ្លាស្ទិកនៅថៃកើនឡើងយ៉ាងច្រើន ។ ហេតុនេះ គណៈរដ្ឋមន្ត្រីបានអនុម័តការគ្រប់គ្រងការនាំចូលកាកសំណល់ផ្លាស្ទិក តាមការស្នើរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋ ។
.png)
ការនាំចូលកាកសំណល់ផ្លាស្ទិកបានបង្កើនចំនួនរោងចក្រកែច្នៃផ្លាស្ទិកជាច្រើននៅថៃ ហើយភាគច្រើនជារោងចក្រខុសច្បាប់ ។ រោងចក្រទាំងនេះពុំបានគិតពីផលប៉ះពាល់បរិស្ថាន និងសុខភាពពលរដ្ឋទេ ។ ប៉ុន្តែពេលថៃហាមនាំចូលកាកសំណល់ផ្លាស្ទិកនៅឆ្នាំ២០២៥ ថៃនឹងក្លាយជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានដោះស្រាយបញ្ហាផ្លាស្ទិក ហើយថៃនឹងរឹតបន្តឹងការលក់ផ្លាស្ទិកនៅតាមព្រំដែនក្នុងតំបន់ និងពិភពលោក ។

គួរបញ្ជាក់ថា កាកសំណល់ផ្លាស្ទិកនាំចូលប្រទេសថៃភាគច្រើន គឺសម្រាប់កែច្នៃធ្វើជាវត្ថុធាតុដើមក្នុងរោងចក្រឧស្សាហកម្ម ហើយថៃបាននាំចូលកាកសំណល់ផ្លាស្ទិកច្រើនបំផុតពីជប៉ុន សហរដ្ឋអាមេរិក និងចិន ។ រោងចក្រថៃបានជ្រើសរើសកាកសំណល់ផ្លាស្ទិកនាំចូលពីក្រៅប្រទេស ដោយសារវាតម្លៃថោកជាងផ្លាស្ទិកក្នុងស្រុក ៕










