ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថា នឹងស្វែងរកយន្តហោះជើងហោះហើរ MH370 ដែលបានបាត់ដំណឹងឈឹងអស់រយៈពេលជាង១០ឆ្នាំ ហើយត្រូវបានចាត់ទុកថា គឺជាអាថ៌កំបាំងបំផុតក្នុងវិស័យអាកាសចរណ៍ និងមានការងឿងឆ្ងល់ពីមនុស្សជុំវិញពិភពលោក ។
វាជាប្រភេទយន្តហោះ Boeing 777 មានអ្នកដំណើរសរុបចំនួន២២៧នាក់ ក្នុងនោះអ្នកដំណើរចិនស្មើជាង១៥០នាក់ និងបុគ្គលិកអាកាសចរណ៍១២នាក់ ប៉ុន្តែបានបាត់ការទាក់ទងពីប្រព័ន្ធរ៉ាដា ក្នុងពេលយន្តហោះនេះធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ។ .png)
រដ្ឋមន្ត្រីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Anthony Loke ថ្លែងថា ម៉ាឡេស៊ីអនុញ្ញាតឱ្យក្រុមហ៊ុន Ocean Infinity ស្វែងរកយន្តហោះនេះនៅទីតាំងថ្មីក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង ខណៈក្រុមហ៊ុនធ្លាប់ស្វែងរកយន្តហោះលើកចុងក្រោយនៅឆ្នាំ២០១៨ ។ បើក្រុមហ៊ុនរកឃើញតម្រុយសំខាន់ៗឈានទៅការបង្ហាញអាថ៌កំបាំង ម៉ាឡេស៊ីនឹងផ្តល់ប្រាក់រង្វាន់ចំនួន៧០លានដុល្លារអាមេរិក ។ យើងសង្ឃឹមថា ការស្វែងរកលើកនេះនឹងទទួលបានលទ្ធផលវិជ្ជមាន និងអាចរកឃើញបំណែកយន្តហោះ ។
រដ្ឋាភិបាលម៉ាឡេស៊ីមានទំនួលខុសត្រូវ និងកាតព្វកិច្ចដល់អ្នកដែលបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ នៅពេលយន្តហោះបាត់ពីប្រព័ន្ធរ៉ាដាក្នុងមហាសមុទ្រ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ។ រដ្ឋាភិបាលម៉ាឡេស៊ីមានបំណងបង្ហាញភាពច្បាស់លាស់ដល់ក្រុមគ្រួសារអ្នកដំណើរ ដែលពួកគេសាកសួរពីហេតុការណ៍បាត់យន្តហោះដោយអាថ៌កំបាំង ។
បើទោះជាការស្វែងរកយន្តហោះនេះពុំទទួលបានតម្រុយក្ប៉ុន្តែសាច់ញាតិរបស់អ្នកដំណើរបាត់ខ្លួនបានទាមទារសំណងពីក្រុមហ៊ុន Malaysia Airlines និង Boeing ព្រមទាំង Allianz ជាក្រុមហ៊ុនធានារ៉ាប់រងរបស់យន្តហោះ MH370 ។ ប៉ុន្តែគ្មានការបង់ប្រាក់សំណងដល់គ្រួសារអ្នកដំណើរបាត់ខ្លួនឡើយ ។
គួរបញ្ជាក់ថា កន្លងមក ប្រទេសម៉ាឡេស៊ី អូស្ត្រាលី និងចិន បានសហការគ្នាបញ្ជូននាវា និងយន្តហោះតាមស្វែងរកយន្តហោះបាត់នៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង ដោយផ្អែកលើព័ត៌មានតភ្ជាប់ដោយស្វ័យប្រវត្តិរវាងផ្កាយរណបរបស់ Inmarsat ជាមួយយន្តហោះបាត់ ៕










