កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Khaosod ចុះផ្សាយថា បទចម្រៀង «រំលស់ប្រពន្ធ» របស់កញ្ញា តន់ ចន្ទសីម៉ា ជាអ្នកចម្រៀងដ៏ល្បី (Superstar) នៅប្រទេសកម្ពុជា បានល្បីល្បាញទាំងនៅកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ាន ជាពិសេស តារាចម្រៀង និងតារាសម្តែងថៃល្បីៗជាច្រើនរូបបានច្រៀងតាមបទចម្រៀងនេះ ។
សារព័ត៌មាន Khaosod ផ្សាយថា បទចម្រៀងរបស់នាងកំពុងតែល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ជាពិសេស TikTok ហើយមិនត្រឹមតែតារាល្បីៗរបស់ថៃប៉ុណ្ណោះទេ ដែលច្រៀង និងរាំតាមបទចម្រៀង «រំលស់ប្រពន្ធ» ប៉ុន្តែនៅកន្លែងប្រគំតន្ត្រីផ្សេងៗនៅតាមបណ្តាខេត្តរបស់ថៃ ក៏បានច្រៀងបទចម្រៀងរបស់នាងដែរ ។ 
លើសពីនេះ គ្រាន់តែឮឈ្មោះចំណងជើងបទចម្រៀង ក៏ធ្វើឱ្យហ្វេនៗថៃចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះបទចម្រៀងនេះច្រៀងជាភាសាខ្មែរ ស្តាប់ហើយធ្វើឱ្យអារម្មណ៍រីករាយ ។ រីឯខ្លឹមសារបទចម្រៀងវិញបានបង្ហាញពីជីវិតរស់នៅពិតប្រាកដ ដោយនាងបានប្រាប់ឱ្យគូស្នេហ៍យកប្រាក់មកបង់មុន៥០% ហើយនៅសល់៥០% ទៀតអាចបង់រំលស់បាន ដោយនាងនឹងនិយាយជាមួយម្តាយឱ្យ ។
កញ្ញា តន់ ចន្ទសីម៉ា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ហើយនាងបានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតាំងពីនៅវ័យកុមារ ។ ទឹកដមសំឡេងរបស់នាងមានមន្តស្នេហ៍ និងបង្ហាញពីភាពលេចធ្លោ ទើបធ្វើឱ្យនាងល្បីល្បាញយ៉ាងឆាប់រហ័សទាំងនៅកម្ពុជា និងក្រៅប្រទេស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។.jpg)
កញ្ញា តន់ ចន្ទសីម៉ា និយាយថា នាងសប្បាយចិត្ត ដែលចម្រៀងរបស់ខ្លួនបានធ្វើឱ្យអ្នកស្តាប់ញញឹម និងរីករាយ ហើយនាងក៏សូមអរគុណគ្រប់គ្នាដែលគាំទ្រ និងចូលចិត្តបទចម្រៀងនាងខ្លាំង ។ នាងរីករាយដែលហ្វេនៗនៅប្រទេសថៃ រួមទាំងតារាថៃយកបទចម្រៀងនាងទៅរាំ-ច្រៀងយ៉ាងសប្បាយរីករាយក្នុងអំឡុងឆ្លងឆ្នាំ ។
បច្ចុប្បន្ន មានបទចម្រៀងជាច្រើនទៀតរបស់តារាចម្រៀងនៅកម្ពុជាបានល្បីល្បាញមកដល់ប្រទេសថៃ ហើយបទចម្រៀងដែលហ្វេនៗថៃស្គាល់ច្រើន គឺបទរបស់លោក វណ្ណដា ។ ចុងក្រោយ សារព័ត៌មានថៃ Khaosod សូមផ្តល់កម្លាំងចិត្តឱ្យតារាចម្រៀងកម្ពុជាចេញបទថ្មីៗបន្ថែមទៀតដើម្បីឱ្យហ្វេនៗថៃបានស្តាប់បន្ត ៕










