ថ្មីៗនេះទស្សនិកជនជ្រាបមកហើយថាជុំវិញការបញ្ចេញរាងខ្លាំងរបស់ ឡូរីន សង្សារបណ្តូលចិត្តរបស់ វណ្ណដា បានឡើងកម្តៅយ៉ាងខ្លាំងជាមួយនឹង អាចារ្យធំ។ បន្ទាប់ពី ឡូរីន ឆ្លើយតបទៅកាន់ អាចារ្យធំ យ៉ាងចាស់ដៃនិងទទួលបានការផ្ញើសារដោយផ្ទាល់ អាចារ្យធំ ថាលោកមិនខ្វល់នាងតបអ្វីនោះទេព្រោះ ឡូរីន ឱ្យតម្លៃទៅលើការបញ្ចេញរាងរបស់ខ្លួន។ ចំណុចមួយ អាចារ្យធំ បានសរសើរ ឡូរីន ដែលបានតបជាភាសាខ្មែរក្បោះក្បាយគ្រាន់បើជាងអ្នកមួយចំនួនសរសេរអក្សរឡាតាំងប្រឆាំងដូនតា។
ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អាចារ្យធំ បានបង្ហោះរូប៤សន្លឹកដែលមានរូបរបស់ ឡូរីន ចំនួន១ដែលឈរថតបង្អួតរាងនៅមុខកញ្ចក់បញ្ចេញរាងស៊ិចស៊ី និង៣សន្លឹកទៀតគឺជាសំណេររបស់នាងឆ្លើយតបទៅកាន់ អាចារ្យធំ ដែលយករូបភាពនាងមកបង្ហោះជាសាធារណៈនាំឱ្យមានមតិវែកញែក។ ក្នុងការបង្ហោះ អាចារ្យ បានភ្ជាប់មកជាមួយនឹងពាក្យពេចន៍ អរគុណទៅកាន់ ឡូរីន ដែលប្រឹងឆាតនិងប្រឹងតបមកកាន់លោកសរសេរអក្សរខ្មែរបានល្អក្បោះក្បាយណាស់គ្រាន់បើជាងមួយចំនួន «មាត់ថាស្រឡាញ់ជាតិណាស់ ខ្លាចរដ្ឋាភិបាលដាក់បញ្ចូលអក្សរវៀតណាមក្នុងកម្មវិធីសិក្សាជាតិតែបែរជាអត់ចេះសរសេរអក្សរខ្មែរទេ ប្រឹងបំផ្លាញអក្សរមរតកដូនតាទៅសរសេរអក្សរឡាតាំងប្រឆាំងដូនតាវិញ។
អាចារ្យធំ បន្ថែមថាខ្លួនមិនបានខ្វល់ឡូរីន តបអ្វីនោះទេព្រោះនាងឱ្យតម្លៃលើការបញ្ចេញរាងស៊ិចស៊ីបែបនេះ។ អាចារ្យធំ សង្កតធ្ងន់ថា រឿងជាតិធំជាងរឿងនេះនិងបានអរគុណទៅកាន់ហ្វេនដែលស្រលាញ់ជាតិជាងហ្វេនខ្វល់ពីរឿងនេះ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពី ឡូរីន បញ្ចេញរូបស៊ិចស៊ីរបស់ខ្លួន អាចារ្យធំ បានបញ្ចេញកំណាព្យកាបឃ្លោងយ៉ាងក្តៅគគុកទៅកាន់នាង។ អត់ទ្រាំមិនបានចំពោះទង្វើរបស់ អាចារ្យធំ ឡូរីន បានចូលទៅឆ្លើយតបយ៉ាងវែងអន្លាយដោយបញ្ជាក់ថានាងមិនចូលចិត្តអាចារ្យធំជាយូរមកហើយទៅលើអត្តចរិតនិងការជេរប្រមាថខណៈនាងថាឱ្យអាចារ្យធំកុំឱ្យលូកដៃរឿងក្មេងចំណាស់ធ្វើតាគេបានហើយនិងវាយតម្លៃមនុស្សស្រីទៅលើការស្លៀកពាក់៕










