សហរដ្ឋអាមេរិក ៖ ពលរដ្ឋកាណាដាចង់ឱ្យប្រទេសរបស់ខ្លួនក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ពីព្រោះពួកគេនឹងអាចកាត់បន្ថយការបង់ពន្ធទំនិញ និងគ្រប់គ្រងផ្នែកកងទ័ព ហើយខ្ញុំគិតថា វាជារឿងល្អ ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រឈមមុខនឹងភាពផុយស្រួយផ្នែកនយោបាយ ក្រោយពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Chrystia Freeland ប្រកាសលាលែងពីតំណែងភ្លាមៗ ដែលលោកស្រីជិតស្និទ្ធជាមួយលោក Trudeau និងជាបុគ្គលមានឥទ្ធិពលក្នុងរដ្ឋាភិបាល ។ វាធ្វើឱ្យមានសំណួរថា តើលោក Trudeau នឹងត្រៀមខ្លួនដូចម្តេចជាមួយលោក Trump ពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញ? ខណៈលោក Trump សរសេរក្នុងបណ្តាញសង្គមថា ពលរដ្ឋកាណាដាចង់ឱ្យប្រទេសពួកគេក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។
លោក Trump និយាយថា នេះជាគំនិតល្អប្រសើរបំផុត ដែលកាណាដាចង់ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ស្របពេលនាយករដ្ឋមន្ត្រីកាណាដាកំពុងប្រឈមនឹងបញ្ហានយោបាយក្នុងប្រទេសពាក់ព័ន្ធនឹងការដំឡើងពន្ធ និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ។ លើសពីនេះ លោក Trump ថែមទាំងហៅលោក Trudeau ថា ជាអភិបាលខេត្តកាណាដា ទៀតផង ។
លទ្ធផលការស្ទង់មតិរបស់ Leger បង្ហាញថា ពលរដ្ឋកាណាដា ប្រមាណ១៣% ចង់ឱ្យប្រទេសកាណាដា ក្លាយជារដ្ឋមួយរបស់សហរដ្ឋអាមេរិក ។ កាលពីខែវិច្ឆិកា លោក Trump បាននិយាយមកពីកាន់សារព័ត៌មាន Fox News ថា ៖ «ការបង្រួបបង្រួមប្រទេសរវាងសហរដ្ឋអាមេរិក និងកាណាដា នឹងអាចដោះស្រាយបញ្ហាការជួញដូរថ្នាំញៀន Fentanyl និងទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់» ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Freeland មានគំនិតផ្ទុយគ្នាជាមួយលោក Trudeau ទាក់ទងនឹងការបញ្ឈប់បង់ពន្ធការលក់ទំនិញរយៈពេល២ខែ និងការផ្តល់ប្រាក់ជាង១៧០ដុល្លារអាមេរិកឱ្យពលរដ្ឋ ។ លោកស្រីប្រាប់ថា វាជាការធ្វើនយោបាយឥតប្រយោជន៍ ហើយកាណាដាពុំអាចធ្វើបែបនេះទេ ប៉ុន្តែត្រូវរក្សាប្រាក់បម្រុងសម្រាប់ចំណាយពេលចាំបាច់ ករណីកើតសង្គ្រាមពន្ធជាមួយសហរដ្ឋអាមេរិក ពីព្រោះលោក Trump នឹងដំឡើងពន្ធទំនិញកាណាដា ២៥% ។
ការលាលែងពីតំណែងរបស់លោកស្រី Freeland បានធ្វើឱ្យពលរដ្ឋកាណាដាទាមទារឱ្យលោក Trudeau ចុះចេញពីតំណែង ហើយមេដឹកនាំគណបក្សប្រឆាំងអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ ៕










