ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាពីការដោះស្រាយបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់ ហើយថៃសុំឱ្យចិនជួយទិញទិន្នផលកសិកម្ម ដូចជា ៖ ដំឡូងមី និងអង្ករបន្ថែម ។
.png)
លោក Pichai និយាយថា តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានជួបជាមួយលោក Han ជាបន្តបន្ទាប់ ដើម្បីស្វែងរកកិច្ចសហការរវាងថៃ និងចិន ។ កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងមក លោក Han បាននាំមន្ត្រីមកប្រជុំនៅក្រសួងពាណិជ្ជកម្មថៃ ដោះស្រាយការបារម្ភពីបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់ ។ យើងផ្តោតលើមិត្តភាព សម្ព័ន្ធភាពដ៏ល្អគ្រប់វិស័យ និងពុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយភាគីចិនយល់យ៉ាងច្បាស់ និងជួយគ្នាដោះស្រាយបញ្ហាដោយជោគជ័យ ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បារម្ភពីបញ្ហាទំនិញ និងអាជីវកម្មខុសច្បាប់នៅប្រទេសថៃ ទើបតែងតាំងលោក Pichai ជាប្រធានគណៈកម្មការដោះស្រាយបញ្ហានេះ ។ លោកក៏បានប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធផងដែរ និងរកវិធានការដោះស្រាយយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយផលប៉ះពាល់ ។
ក្រោយពីមើលឃើញថា ចិនជាទីផ្សារធំ ទើបលោក Pichai ស្នើឱ្យចិនជួយទិញទិន្នផលកសិកម្មរបស់ថៃ ហើយវានឹងមានប្រយោជន៍ដល់កសិករថៃយ៉ាងខ្លាំង ។ ការពិភាក្សាគ្នាជំហ៊ានដំបូង គឺចិនរីករាយនឹងជួយកសិករថៃ ហើយចិនសន្យាថា នឹងទិញអង្ករថៃបន្ថែមទៀត ចំនួន២៨ម៉ឺនតោន ។ លើសពីនេះ លោកបានស្នើឱ្យចិនទិញទិញដំឡូងមី ដែលកំពុងផ្តល់ទិន្នផលយ៉ាងច្រើនដើម្បីជួយកសិករជាង៧សែនគ្រួសារ ។

នៅឆ្នាំ២០២៥ គឺជាខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងចិន ហើយក្រសួងពាណិជ្ជកម្មនឹងរៀបចំកម្មវិធីជាច្រើនរួមគ្នាជាមួយចិន ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម ការវិនិយោគរវាងសហគ្រិនថៃ និងចិន ។.png)
ចំណែកលោក Han ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ និយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រៀបដូចជាព្រៃឈើ ដែលនឹងដុះលូតលាស់ជាបន្តបន្ទាប់ទៅថ្ងៃអនាគត ប៉ុន្តែបញ្ហាផ្សេងៗ គឺដូចគ្នានឹងសត្វដង្កូវតូចមួយ ហើយត្រូវតែចាប់វាចេញ ទើបព្រៃឈើដុះលូតលាស់ល្អ ។ លោកនឹងជំរុញការធ្វើពាណិជ្ជកម្មរវាងចិន និងថៃ ឱ្យកាន់តែល្អប្រសើរ ៕










