ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ទៅលើបទចម្រៀងមួយចំនួនដែលតារាចម្រៀង ជី ដេវីត បន្សល់ស្នាដៃនៅពេលស្ថិតក្រោមផលិតកម្មចាស់ដែលមានបទល្បីៗជាច្រើនមានឈ្មោះលោកជាអ្នកនិពន្ធទៅឱ្យរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត រួមទាំង ពេជ្រ សោភា។ មួយក្នុងចំណោមនោះបទចម្រៀងមានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» របស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានចេញកាលពីឆ្នាំ២០១៨។ យ៉ាងណាមិញ អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង Emo បានចេញមុខបកស្រាយថាបទនេះគឺលោកជាអ្នកនិពន្ធទាំងសាច់ភ្លេងនិងទំនុកច្រៀង។
លោក Emo បានចេញវីដេអូមួយកាលពីយប់ថ្ងៃទី១៨ ធ្នូ ដោយលោកបាននិយាយថាបទ «ខ្ញុំលែងត្រូវការស្នេហា» ទាំងការនិពន្ធបទភ្លេង melody ប៉ារ៉ូលទាំងអស់លើកឡើងតែការ record និង Mix Master ដោយរៀមច្បងនៅផលិតកម្មរស្មីហង្សមាស។ ចំណុចដែលលោកជាអ្នកធ្វើប៉ុន្តែមិនដាក់ឈ្មោះខ្លួន Emo បានឆ្លើយតបថាពេលវេលានោះលោកគឺជាឈ្មោះបុគ្គលិកនៅក្នុងផលិតកម្ម Ditway nation ដែលបង្កើតដោយ ជី ដេវីត ជាស្ថាបនិក។
អ្នកនិពន្ធរូបនេះបានលើកឡើងទៀតថា អំឡុងពេលនោះខាងផលិតកម្មត្រូវការបទសង់ទីម៉ង់ច្រើនហើយ ជី ដេវីត គឺជាមិត្តល្អម្នាក់ដែលតែងតែជួយជ្រោមជ្រែងការងារនិងផ្តល់គំនិតបទចម្រៀងជូនលោកធ្វើបទមនោសញ្ចេតនាហើយលោកបានធ្វើបទដូចជា ខ្ញុំលែងត្រូវការស្នេហា ហេតុអ្វីចាកចោលបងរបស់ សុវត្ថិ មុនីវណ្ណ កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ។
លោក Emo បានបញ្ជាក់ថា មូលហេតុដែលមិនបានដាក់ឈ្មោះលោកដោយសារតែខាងផលិតកម្មទាមទារឱ្យការចុះឈ្មោះជាមួយអត្តសញ្ញាប័ណ្ណនិងច្រើនទៀតដូច្នេះលោកបានប្រាប់ ជី ដេវីត ឱ្យធ្វើទៅលោកមិនដឹងទេ សុំតែការទូទាត់កម្រៃ។ លោកថា ជី ដេវីត មិនដែលទៅរវល់ហើយលោកក៏មិននឹកស្មានថាបទនេះមានការគាំទ្រច្រើននិងនៅតែចងចាំស្នាដៃការនិពន្ធរបស់លោក៕










