ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ស្របពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Tesla របស់អាមេរិកបានប្រកួតប្រជែងគ្នាខ្លាំងលើទីផ្សារ ហើយមានចំនួនលក់រថយន្តកើនឡើងខ្ពស់ជាងក្រុមហ៊ុនផ្សេងៗលើពិភពលោក ស្រាប់តែក្រុមហ៊ុនរថយន្តធំៗចំនួន២ គឺ Honda និង Nissan មានគម្រោងចរចារួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ។
.png)
ក្រុមហ៊ុនផលិតរថយន្តនាំមុខនៅប្រទេសជប៉ុន គឺ Honda និង Nissan នឹងចរចាពីការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដើម្បីទប់ទល់នឹងគូប្រជែង គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Tesla ។ ការរួមបញ្ចូលគ្នានេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងរង្គោះរង្គើដល់ឧស្សាហកម្មរថយន្តយ៉ាងខ្លាំង ។.png)
សារព័ត៌មានជប៉ុន Nikkei រាយការណ៍ថា Honda និង Nissan ក៏មានគម្រោងរួមបញ្ចូលក្រុមហ៊ុន Mitsubishi Motors ផងដែរនាថ្ងៃអនាគត ខណៈ Nissan បានកាន់កាប់ភាគហ៊ុនច្រើនបំផុតនៅ Mitsubishi ។ ក្រោយពីក្រុមហ៊ុនទាំងពីរប្រកាសពីការរួមបញ្ចូលគ្នាបានធ្វើឱ្យភាគហ៊ុនរបស់ Nissan កើនឡើងជាង២៣% នៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៨ ខែធ្នូ ។ រីឯភាគហ៊ុនរបស់ Honda ធ្លាក់ចុះ៣% ហើយភាគហ៊ុន Mitsubishi កើនឡើងជិត២០% ។.png)
ក្រុមហ៊ុនទាំងពីរនឹងបង្កើតក្រុមហ៊ុនថ្មីរួមគ្នា និងដំណើរការជាក្រុមហ៊ុន Holding ព្រមទាំងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលឆាប់ៗ ។ រីឯការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរក្នុងក្រុមហ៊ុនថ្មី និងចំណុចលម្អិតផ្សេងៗ នឹងសម្រេចចិត្តនាពេលក្រោយ ។ កាលពីខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរបានសហការគ្នាលើអាជីវកម្មរថយន្តអគ្គិសនី និងបច្ចេកវិទ្យា Software ដើម្បីកាត់បន្ថយការចំណាយដើមទុន និងបង្កើនសមត្ថភាពប្រកួតប្រជែង ។ នៅខែសីហា ឆ្នាំ២០២៤ Mitsubishi ក៏បានចូលរួមសហការដែរ ។.png)
Honda និង Nissan បានបាត់បង់ចំណែកទីផ្សាររថយន្តនៅចិន ស្មើជិត៧០% នៃចំនួនលក់រថយន្តអគ្គិសនីទូទាំងពិភពលោក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រុមហ៊ុនទាំងពីរបានលក់រថយន្តទូទាំងពិភពលោក សរុបចំនួន៧លាន៤សែនគ្រឿង នៅឆ្នាំ២០២៣ ប៉ុន្តែក្រុមហ៊ុនទាំងពីរពិបាកប្រកួតប្រជែងជាមួយ BYD ដែលប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះខ្ពស់ជាង Tesla របស់អាមេរិកជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២៤ ។

កាលពីខែវិច្ឆិកានេះ Nissan បានប្រកាសបញ្ឈប់បុគ្គលិកចំនួន៩,០០០នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយការផលិតរថយន្ត ស្មើ២០% ។ ក្រុមហ៊ុនអះអាងថា អាជីវកម្មនៅអាមេរិក និងចិនមានបញ្ហា ទើបធ្វើឱ្យការលក់រថយន្តធ្លាក់ចុះជាងការរំពឹងទុក ៕










