ប្រទេសអង់គ្លេស ៖ ប្រទេសអង់គ្លេសបានអនុវត្តច្បាប់សុវត្ថិភាពអ៊ីនធើរណេត ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ តទៅ ដើម្បីគ្រប់គ្រងបណ្តាញសង្គមនានា ហើយបើបណ្តាញសង្គមពុំលុបចោលមាតិកាខុសច្បាប់ គឺអង់គ្លេសនឹងពិន័យជាប្រាក់១០% នៃប្រាក់ចំណូលក្នុង១ឆ្នាំ ។ ច្បាប់នេះមានគោលបំណងគ្រប់គ្រងលើអ្នកបង្កើតមាតិកាខុសច្បា.ប់ និងបំពុលស.ង្គម ។

Ofcom គឺជាភ្នាក់ងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សព្វផ្សាយពីគោលការណ៍ណែនាំសម្រាប់បណ្តាញសង្គមនានា ដូចជា ៖ Meta, Google និង TikTok ត្រូវតែអនុវត្តតាមច្បាប់សុវត្ថិភាពអ៊ីនធើរណេតរបស់អង់គ្លេស ដែលច្បាប់ថ្មីនេះបានអនុម័តកាលពីឆ្នាំ២០២៣ ។
ច្បាប់សុវត្ថិភាពអ៊ីនធើរណេតបានបញ្ជាក់ពីមាតិកាខុសច្បាប់ ចំនួន១៣០ប្រភេទ ដែលតម្រូវឱ្យបណ្តាញសង្គមលុបចោល ដូចជា ៖ ការញុះញង់ឱ្យប្រព្រឹត្តអំពើភេរវកម្ម ការញុះញង់ឱ្យស្អប់ខ្ពើមជាតិសាសន៍ ឬរើសអើសសាសនា ឬភេទ ការជួញដូរមនុស្ស និងការចែករំលែកពីការរំលោភបំពានផ្លូវភេទកុមារ ជាដើម ។
បើបណ្តាញសង្គមណាមួយពុំអនុវត្តតាមច្បាប់សុវត្ថិភាពអ៊ីនធើរណេត អង់គ្លេសនឹងពិន័យប្រាក់ពួកគេស្មើនឹង១០% នៃប្រាក់ចំណូលក្នុង១ឆ្នាំ ព្រមទាំងដាក់ពន្ធនាគារនាយកក្រុមហ៊ុនបណ្តាញសង្គមដែលប្រព្រឹត្តខុសច្បាប់ដដែលៗ ។ ក្រៅពីនេះ Ofcom នឹងដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឱ្យបិទការប្រើប្រាស់បណ្តាញសង្គមនេះនៅអង់គ្លេស ។
ច្បាប់នេះនឹងអនុវត្តជាមួយក្រុមហ៊ុនជាង១សែននៅលើពិភពលោក គឺចាប់ពីក្រុមហ៊ុនបណ្តាញសង្គមធំៗ រហូតដល់ក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្ត ការស្វែងរកគូ ការភ្នាល់ និងសេវាកម្មអនឡាញតូចៗ ។ នេះបើតាមការលើកឡើងរបស់មន្ត្រី Ofcom ។
.png)
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អង់គ្លេសបានផាកពិន័យក្រុមហ៊ុនហ្វេសប៊ុករបស់លោក Mark Zuckerberg ស្មើទឹកប្រាក់ជាង៦៣ម៉ឺនដុល្លារអាមេរិក ករណីហ្វេសប៊ុកពុំអាចការពារទិន្នន័យរបស់អ្នកប្រើប្រាស់ ៕










