អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង សាងសង់អស់២០០លានដុល្លារ ដោយបានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០២១ តែគិតមកទល់ពេលនេះ នៅតែមិនទាន់អាចដំណើរការ។

ការសាងសង់អាកាសយាននេះ នៅដំណាក់កាលទី១ចំណាយថវិកាជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ។
បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានលើកឡើងតាំងពីឆ្នាំ២០២១ថា៖” ពាក្យថាសាងសង់បញ្ចប់បានន័យថា នៅការធ្វើតេស្តការសាកល្បងការកែតម្រូវ គឺដើម្បីទទួលបាននូវវិញ្ញាបនបត្រប្រតិបត្តិការ ក៏ត្រូវប្រើរយៈពេល ៦ខែទៀត ដើម្បីអាចដាក់ដំណើរការបានជាផ្លូវការ”។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា៖”ក្នុងនោះក៏មានលទ្ធភាពអាចមានការយឺតយ៉ាវបន្តិចបន្តួច ដោយសារការរៀបចំបំពេញបែបបទឯកសារនិងការធ្វើតេស្តសាកល្បង អាចមានការពន្យារពេលបន្តិចបន្តួច”។
ដោយឡែក នៅឆ្នាំ២០២៤នេះ អាកាសចរស៊ីវិល ក៏បានពន្យាពេលសារជាថ្មីទៀត បើទោះបីជាធ្លាប់ប្រកាសនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកាកន្លងទៅក៏ដោយ។
បើតាមដំណឹងចុងក្រោយបំផុត អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយទទួលជើងហោះហើរក្នុងស្រុក៕










