ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីឱ្យអ្នកនេសាទថៃ៤នាក់ ជាប់ពន្ធនា.គារ រយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ករណីចូលនេសាទក្នុងដែនទឹកមីយ៉ាន់ម៉ាខុសច្បាប់ ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃជឿថា មីយ៉ាន់ម៉ានឹងដោះលែងអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។

ថ្មីៗនេះ នាវាចម្បាំងមីយ៉ាន់ម៉ាបានបាញ់ទូកនេសាទថៃ ព្រមទាំងចាប់ខ្លួនអ្នកនេសាទថៃ និងមីយ៉ាន់ម៉ា សរុប៣១នាក់ នៅបរិវេណកោះយ៉ានឈឿកខាងមីយ៉ាន់ម៉ា ហើយបណ្តាលឱ្យមានអ្នករងរបួស២នាក់ និងស្លាប់ម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា មីយ៉ាន់ម៉ាប្រកាសថា នឹងដោះលែងអ្នកនេសាទថៃ៤នាក់ ក្រោយពីមានការអន្តរាគមន៍ពីក្រសួងការបរទេស និងកងទ័ពជើងគោកថៃជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ប៉ុន្តែមីយ៉ាន់ម៉ាពុំដោះលែងអ្នកនេសាទថៃតាមការស្នើសុំទេ ។
រហូតមកដល់នៅថ្ងៃទី១៦ ខែធ្នូ តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីម្ចាស់ទូកនេសាទថៃឱ្យជាប់ពន្ធានាគាររយៈពេល៥ឆ្នាំ ពីបទលួចចូលនេសាទខុសច្បាប់ក្នុងដែនទឹកមីយ៉ាន់ម៉ា និងជាប់ពន្ធនាគារ១ឆ្នាំទៀតពីបទចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ដូច្នេះ ម្ចាស់ទូកនេសាទថៃនឹងជាប់ពន្ធនាគារ៦ឆ្នាំ និងបង់ប្រាក់ពិន័យ ។.jpg)
រីឯអ្នកនេសាទថៃ៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទចូលនេសាទខុសច្បាប់ ព្រមទាំងជាប់ពន្ធនាគារ១ឆ្នាំទៀតករណីចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ហេតុនេះ អ្នកនេសាទថៃទាំង៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ។ ស្ថានទូតថៃនៅទីក្រុងយ៉ាំងហ្គន បានព្យាយាមចរចាជាមួយមីយ៉ាន់ម៉ាឱ្យដោះលែងអ្នកនេសាទរបស់ខ្លួន ។.jpg)
នៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ករណីមីយ៉ាន់ម៉ាចាប់អ្នកនេសាទថៃដាក់ពន្ធនាគារថា លោកស្រីទទួលដំណឹងនេះពីលោក ម៉ារីស សាងៀមផុង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ។ ការដាក់ពន្ធនាគារនេះធ្វើឡើងតាមនីតិវិធី ប៉ុន្តែយើងបានពិភាក្សារួចហើយពីបញ្ហានេះ ហើយមីយ៉ាន់ម៉ានឹងលើកលែងទោសអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។
ការដាក់ពន្ធនាគារអ្នកនេសាទថៃ គឺមីយ៉ាន់ម៉ាធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ ។ ហេតុនេះ ថៃអាចស្នើសុំឱ្យមីយ៉ាន់ម៉ាលើកលែងទោសពលរដ្ឋថៃនាពេលឆាប់ៗ ៕










