ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃបានរកឃើញបារីអេឡិចត្រូនិកផ្ទុកសារធាតុសម្រាប់ដាក់សាកស.ព ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកជក់ និងអ្នកទទួលចំហាយទឹកពីបារីអេឡិចត្រូនិក ជាពិសេស ក្រុមយុវជន ។
លោក អនុគុល ប្រឹក្សានុស័ក្តិ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបានដាស់តឿនឱ្យយុវជនប្រយ័ត្នសុខភាព ដោយសារបច្ចុប្បន្ន យុវជនថៃបានប្រើប្រាស់បារីអេឡិចត្រូនិកកាន់តែច្រើន និងពុំដឹងពីគ្រោះថ្នាក់របស់វា ។ បារីប្រភេទនេះបានបន្ថែមក្លិនផ្សំពីជាតិពុល និងសារធាតុញៀនប៉ះពាល់សុខភាព ជាពិសេស សារធាតុ Formaldehyde ឬសារធាតុដាក់សាកសព ។
Formaldehyde គឺជាសារធាតុគីមីគ្រោះថ្នាក់ ហើយវាភាយចេញក្រៅក្នុងពេលប្រើប្រាស់បារីអេឡិចត្រូនិក ដែលបង្កគ្រោះថ្នាក់ដល់អ្នកជក់ និងអ្នកទទួលចំហាយទឹក ។ តាមទិន្នន័យបង្ហាញថា ពលរដ្ឋថៃមានអាយុចាប់ពី៦ឆ្នាំ ទៅ៣០ឆ្នាំ បានប្រើប្រាស់បារីអេឡិចត្រូនិក ស្មើ១៨.៦% ហើយបើបែងចែកតាមភេទ គឺប្រុស ស្មើ២១.៤៩%, មនុស្សស្រី ស្មើ១៦.២២% និងក្រុម LGBTQ+ ស្មើ១៩.៧៨% ។
យុវជនភាគច្រើនយល់ខុសថា ការប្រើប្រាស់បារីអេឡិចត្រូនិកនឹងធ្វើឱ្យពួកគេអាចកាត់ផ្តាច់បារីធម្មតា ហើយសារធាតុនីកូទីន នឹងផ្តល់ផល់ល្អដល់រាងកាយ ។ រីឯយុវជនខ្លះទៀតគិតថា បារីអេឡិចត្រូនិកគ្មានសារធាតុនីកូទីន, ការប្រើប្រាស់បារីនេះពុំខុសច្បាប់ ហើយផ្សែងបារីគ្មានគ្រោះថ្នាក់ឡើយ ។ លើសពីនេះ ពួកគេយល់ថា វាមានគ្រោះថ្នាក់តិចជាងបារីធម្មតា ។
ចំណែកលទ្ធផលការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិកបង្ហាញថា សារធាតុ Formaldehyde នឹងបង្កជាជំងឺមហារីក ពីព្រោះសារធាតុនេះអាចជ្រាបចូលក្នុងប្រព័ន្ធផ្លូវដង្ហើម, បង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ព្រមទាំងរលាកភ្នែក និងស្បែក ។
ហេតុនេះ សូមឪពុក-ម្តាយតាមដានអាកប្បកិរិយាកូនៗ ហើយមកពិភាក្សាពីការផ្តាច់បារីជាមួយគ្រូពេទ្យ ដើម្បីចៀសវាងផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក ឬបារីធម្មតា ៕










