ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានធ្វើប្រតិបត្តិការចា.ប់ ខ្លួនក្រុមអ្នកសុំទានថៃ និងបរទេស សរុបចំនួន១២នាក់ នៅទីក្រុងបាងកក ស្រាប់តែសមត្ថកិច្ចរកឃើញអ្នកសុំទានម្នាក់មានប្រាក់ជាប់ខ្លួនជាង៣សែនបាត និងប្រាក់ក្នុងធនាគារ១លានបាតទៀត ។ 
សមត្ថកិច្ចបានចុះត្រួតពិនិត្យក្រុមអ្នកសុំទាននៅតំបន់សេដ្ឋកិច្ចសុខុមវីត ក្រោយពីពលរដ្ឋរាយការណ៍ថា មានក្រុមអ្នកសុំទានជាច្រើននាក់មកអង្គុយសុំទាននៅតំបន់នេះ ដែលធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេសថៃ ។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចក៏បានចាប់អ្នកសុំទានថៃ ៨នាក់, ខ្មែរ ២នាក់, ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់ ហើយអ្នកសុំទានបរទេសទាំងនេះបានស្នាក់នៅប្រទេសថៃដោយគ្មានការអនុញ្ញាត ។
.png)
ក្នុងចំណោមអ្នកសុំទានទាំងអស់ គឺមាននារីសុំទានម្នាក់ជាជនជាតិថៃ មានប្រាក់ជាប់ខ្លួនយ៉ាងច្រើនបានពីការសុំទាន គឺរហូតដល់ជាង៣សែនបាត ព្រមទាំងមានប្រាក់ក្នុងធនាគារប្រមាណ១លានបាតទៀត ។ បន្ទាប់មក សមត្ថកិច្ចក៏បបញ្ជូនអ្នកសុំទានទាំងអស់ទៅកាន់ការិយាល័យស៊ើបអង្កេតនៅស្ថានីយប៉ូលិស Lumphini ទីក្រុងបាងកក ដើម្បីចាត់វិធានការបន្តតាមច្បាប់ ។

ការចាប់ខ្លួនក្រុមអ្នកសុំទានលើកនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីសមត្ថកិច្ចរកឃើញថា នារីសុំទានថៃម្នាក់មានប្រាក់ជាប់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ អ្នកសុំទានទាំងនេះតែងតែធ្វើឱ្យខ្លួនលំបាកវេទនា ហើយមកអង្គុយនៅតាមទីប្រជុំជននានា ដើម្បីឱ្យពលរដ្ឋថៃឃើញហើយអាណិតអាសូរ និងផ្តល់ប្រាក់ឱ្យច្រើនៗ ។
បើតាមពលរដ្ឋថៃនៅបរិវេណនេះប្រាប់ថា អ្នកសុំទានភាគច្រើនបាននាំក្រុមគ្រួសារមកអង្គុយសុំប្រាក់ពីអ្នកដំណើរ និងភ្ញៀវទេសចរដើរឆ្លងកាត់ ហើយអ្នកសុំទានខ្លះបានយកក្មេង និងសត្វឆ្កែ-ឆ្មាមកជាមួយផង ។ នៅពេលសមត្ថកិច្ចចុះមកត្រួតពិនិត្យ ពួកគេក៏ទៅអង្គុយសុំប្រាក់នៅកន្លែងផ្សេង រហូតដល់សមត្ថកិច្ចត្រឡប់ទៅវិញ ទើបពួកគេមកអង្គុយនៅកន្លែងដើម ។
.png)
រីឯអាជីវករថៃម្នាក់និយាយថា អ្នកសុំទានទាំងនេះបានសហការគ្នាជាក្រុម និងផ្លាស់ប្តូរពេលវេលាសុំប្រាក់ពីពលរដ្ឋថៃ ហើយពួកគេអង្គុយតែមួយភ្លែតទទួលបានប្រាក់រហូតដល់១ម៉ឺនបាត ដែលខុសពីអាជីវកររកប្រាក់១ថ្ងៃ បានតែជាង១០០បាតប៉ុណ្ណោះ ។ 
ដូច្នេះ សូមសំណូមពរឱ្យពលរដ្ឋថៃឈប់អាណិត ឬផ្តល់ប្រាក់ឱ្យអ្នកសុំទានដែលមានកាយសម្បទានគ្រប់គ្រាន់ ដោយសារពួកគេអាចជួញដូរមនុស្សយកក្មេងមកសុំប្រាក់ ដែលមិនមែនជាកូនរបស់ខ្លួនពិតប្រាកដ ៕










