ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា មេរោគថ្មីឈ្មោះ Norovirus កំពុងឆ្លងរាតត្បាតខ្លាំងនៅប្រទេសចិន ហើយការបា.ញ់ អាល់កុលពុំអាចការពារមេរោគនេះទេ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ន ពុំទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារនៅឡើយ ។

កាលពីថ្ងៃទី១១ ខែធ្នូ កន្លងមក សារព័ត៌មានម៉ាឡេស៊ីឈ្មោះ World of Buzz បានរាយការណ៍ពីស្ថានការណ៍ជំងឺ Norovirus ថា នៅតំបន់ជាច្រើនរបស់ចិនមានការឆ្លងរាតត្បាតជំងឺនេះគួរឱ្យបារម្ភ ដោយសារវាងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយសូម្បីតែអាល់កុល ក៏ពុំអាចការពារការឆ្លងបានដែរ ។.png)
ចាប់ពីខែតុលា ឆ្នាំ២០២៤ កូនសិស្សចិនជាច្រើននាក់បានឆ្លងជំងឺ Norovirus ដូចជា ៖ កូនសិស្ស ចំនួន៣បន្ទប់ ដែលរៀននៅសាលាបឋមសិក្សាមួយកន្លែងនៅតំបន់ Zhangwan ទីក្រុងស៊ីយ៉ាន ខេត្តហ៊ូបេ បានឆ្លងជំងឺនេះ ដែលធ្វើឱ្យសាលារៀនទាំងមូលបិទទ្វារបណ្តោះអាសន្ន ។ រីឯមជ្ឈមណ្ឌលកុមារតូចនៅទីក្រុងស៊ីអាន ខេត្តសានស៊ី មានកុមារតូចឆ្លងជំងឺនេះចំនួន៤៨នាក់ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ។.png)
បច្ចុប្បន្ន មេរោគនេះបានឆ្លងរាលដាលកាន់តែខ្លាំង ហើយមជ្ឈមណ្ឌលជាតិគ្រប់គ្រង និងបង្ការជំងឺរបស់ចិនបានចេញគោលការណ៍ណែនាំឱ្យពលរដ្ឋប្រយ័ត្នជំងឺនេះ ហើយអ្នកឆ្លងត្រូវនៅដាច់ដោយឡែកពីអ្នកដទៃ ។ ពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ យ៉ាងហោចណាស់២០វិនាទី មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់ ។
លើសពីនេះ គួរតែចម្អិនអាហារឱ្យឆ្អិនមុនពេលបរិភោគ និងសម្អាតបរិវេណដែលប៉ះពាល់ញឹកញាប់ ដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគផ្សំពីសារធាតុក្លរីន ។ ពលរដ្ឋត្រូវសុំច្បាប់សម្រាកពីការងារករណីឆ្លងជំងឺនេះ និងទៅមន្ទីរពេទ្យជាបន្ទាន់ ។
ចំណែកអ្នកជំនាញមកពីមជ្ឈមណ្ឌលការពារ និងបង្ការជំងឺនិយាយថា Norovirus នឹងបណ្តាលឱ្យរលាកក្រពះ ឬពោះវៀន ហើយមេរោគអាចឆ្លងពេញមួយឆ្នាំ ប៉ុន្តែវាឆ្លងខ្លាំងបំផុត គឺចាប់ពីខែតុលា ដល់ខែមីនា ។ កុមារឆ្លងជំងឺនេះនឹងមានអាការៈក្អួតចង្អោរខ្លាំង រីឯមនុស្សពេញវ័យមានអាការៈចុកពោះ, គ្រុនក្តៅ និងឈឺសាច់ដុំ ។

ទោះជាអ្នកជំងឺភាគច្រើនអាចជាសះស្បើយ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃក្តី ប៉ុន្តែកុមារតូច និងមនុស្សចាស់ នឹងខ្វះខាតទឹកខ្លាំង ហើយត្រូវថែទាំឱ្យបានដិតដល់ ។ វិធីការងារជំងឺនេះ គឺការលាងដៃឱ្យស្អាតដោយសាប៊ូ និងទឹក នៅមុនពេល និងក្រោយពេលបរិភោគអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក ។ អ្នកឆ្លងគួរនៅដាច់ដោយឡែកពីគេ ហើយបើទោះជាសះស្បើយ ក៏ត្រូវនៅឆ្ងាយពីគេ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីការពារការឆ្លងរាលដាល ៕










