ថ្មីៗកន្លងមកនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមពីការថតកុននៅលើទឹកដីខេត្តសៀមរាបមានការស្លៀកពាក់ក្បិននិងពាក់ដួនដែលធ្វើឱ្យមានការរិះគន់ពីសាធារណជន។ ទោះយ៉ាងណានាយកដ្ឋានសិល្បៈភាពយន្តបានចេញសេចក្តីបញ្ជាក់អះអាងថាការថតនេះជាសាច់រឿងភាគច្រើនកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ានិទានពីបុរសចិនម្នាក់ចេញមកអាស៊ីអាគ្នេយ៍ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិខ្មែរនោះទេ។
.png)
នៅថ្ងៃទី១២ ធ្នូ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ បានចេញសេចក្តីបញ្ជាក់អំពីហេតុការណ៍សកម្មភាពថតកុនលើទឹកដីកម្ពុជានៅចំណុចតំបន់កំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ដែលនាំឱ្យមានមតិរិះគន់នេះ នាយកដ្ឋានសិល្បៈភាពយន្តបានបង្ហាញថាផលិតកម្ម Palm Film Production របស់កម្ពុជា និង Benchmark Production របស់ប្រទេសចិន ទទួលបានសិទ្ធិផលិតភាពយន្តរឿង “និទាននៃព្រៃស្មសាន” ដែលជាភាពយន្តបែបប្រឌិដ្ឋបរិយាយពីបុរស ជនជាតិចិនម្នាក់ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើននៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។.png)
រូបភាពនៃសកម្មភាពថតភាពយន្ត ដែលរងការរិះគន់ គឺជាឈុតមួយដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុង តំបន់នោះប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបាន កែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរជាមួយសម្ភារៈបរទេសនោះទេ។ ជារួមនៅពេលដែលភាពយន្តនេះកាត់ត ដំឡើងរូបភាពសម្រេច នោះទស្សនិកជននឹងមើលឃើញច្បាស់ថាមិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិយើងដែរ។ លិខិតដដែលបានបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែពិនិត្យលម្អិតទៅលើសាច់រឿងមុននឹងផ្តល់ជូនផលិតករនូវលិខិត អនុញ្ញាតថត ដើម្បីជៀសវាងផលប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ៕










