តើលោកអ្នកជ្រាបទេថា យើងចាប់ផ្តើមប្រើប្រាស់ QR code តាំងពីពេលណាមក? ហើយប្រទេសណាជាអ្នកបង្កើតវា? ពិភពលោកចាប់ផ្តើមប្រើប្រាស់ QR code ឬ Quick Response code តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ ដែលវាត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងក្នុងដំណើរការផលិតរបស់រោងចក្ររថយន្តនៅជប៉ុន ។

ក្រុមអ្នកស្រាវជ្រាវក្នុងក្រុមហ៊ុនរថយន្ត Denso Wave ដឹកនាំដោយលោក Masahiro Hara បានបង្កើត QR code មានចំនួន២ពណ៌ គឺពណ៌ស និងខ្មៅ ដែល Denso Wave គឺជាសាខារបស់ក្រុមហ៊ុន Denso នៅប្រទេសជប៉ុន ។.png)
មុនដំបូង គេប្រើប្រាស់ QR code សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការប្រមូល និងកំណត់បរិមាណគ្រឿងបន្លាស់រថយន្ត ហើយប្រើប្រាស់ជំនួស Barcode ដែលបិទនៅលើប្រអប់គ្រឿងបន្លាស់រថយន្តនីមួយៗ ។ ក្រៅពីនេះ គេប្រើប្រាស់វាដើម្បីបង្កើនប្រសិទ្ធភាពក្នុងដំណើរការផលិត រហូតដល់ការបញ្ជូនទំនិញ ។
នៅឆ្នាំ២០០២ ពលរដ្ឋជប៉ុនបានប្រើប្រាស់ QR code យ៉ាងច្រើន ហើយការលក់ទូរស័ព្ទដៃនានាបានផ្សព្វផ្សាយឱ្យអតិថិជនស្កេន QR code ដើម្បីចូលទៅគេហទំព័រ ឬស្កេនទទួលគូប៉ុងបញ្ចុះតម្លៃទំនិញ ជាដើម ។ ភាពងាយស្រួលនេះធ្វើឱ្យ QR code ទទួលបានការពេញនិយមយ៉ាងខ្លាំង រហូតក្រុមហ៊ុននានាពុំអាចខ្វះបាន ។ .png)
ក្រោយមក វាក៏ត្រូវគេប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូចជា ៖ សំបុត្រយន្តហោះមានប្រព័ន្ធ QR code នៅអាកាសយានដ្ឋាន ។ បើទោះជា QR code គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Denso Wave ក្តី ប៉ុន្តែក្រុមហ៊ុនប្រកាសថា នឹងពុំចាត់វិធានការចំពោះអ្នកប្រើប្រាស់ទេ ។ បច្ចុប្បន្ន វាក៏បានក្លាយជា code សាធារណៈដែលមនុស្សនៅទូទាំងពិភពលោក អាចប្រើប្រាស់គ្រប់គ្នា ។.png)
ចំណែកនៅតំបន់អាស៊ីបានប្រើប្រាស់ QR code សម្រាប់ការផ្ទេរប្រាក់ក្នុងគណនីធនាគារ, ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ ព្រមទាំងការទទួលប្រាក់តាមរយៈទូរស័ព្ទដៃ ។ ហេតុនេះ QR code ទទួលបានការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុនៅប្រទេសឥណ្ឌូណេស៊ី, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា, ថៃ និងហុងកុង ៕










