ថ្លៃងក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការរៀបចំច្បាប់អំពីការកំណត់អាយុអ្នកទិញគ្រឿងស្រវឹង។
ការរៀបចំច្បាប់នេះ ដើម្បីកំណត់ថា៖”អ្នកដែលអាចទិញគ្រឿងស្រវឹងបាន ត្រូវមានអាយុចាប់ពីប៉ុន្មានឆ្នាំឡើងទៅ” ហើយ”អ្នកមានអាយុប៉ុន្មាន ដែលមិនអាចទិញគ្រឿងស្រវឹងបាន”។
ដើមឡើយច្បាប់នេះ ធ្លាប់ត្រូវបានក្រសួងសុខាភិបាល ធ្វើសេចក្តីព្រាងច្បាប់តាំងពីឆ្នាំ២០១៥ ដោយកំណត់អាយុស្របច្បាប់ដល់ពលរដ្ឋខ្មែរ អាចទទួលទានគ្រឿងស្រវឹងបានគឺពីអាយុ២១ឆ្នាំឡើងទៅ តែគិតមកទល់ពេលនេះអស់រយៈពេល៩ឆ្នាំ ច្បាប់នេះនៅមិនទាន់ទទួលបានការអនុម័តពីសភាជាតិនៅឡើយនោះទេ។
នៅក្នុងសេចក្ដីព្រាងច្បាប់នោះ ក្រសួងក្រសួងសុខាភិបាល បានស្នើ៣ចំណុចសំខាន់៖
១. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនមានអាយុក្រោម ២១ឆ្នាំ និងជនដែលកំពុងស្រវឹង
២. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទពីម៉ោង ១២យប់ ដល់ ៦ព្រឹក
៣. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមសួនច្បារសាធារណៈ
គួរបញ្ជាក់ថា នៅកម្ពុជា ស្ទើរតែគ្មានច្បាប់គ្រប់គ្រងផ្ទាល់លើការទិញ និងការប្រើប្រាស់គ្រឿងស្រវឹង ឬធ្វើនិយ័តកម្មលើឧស្សាហកម្មគ្រឿងស្រវឹងនិងទីផ្សារលក់រាយទេ៕










