ខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជា និងជាខេត្តបុរាណមួយសម្បូរទៅដោយវប្បធម៌អរិយធម៌ដ៏រុងរឿងថ្កើនថ្កើន។ នាខែចុងក្រោយនៃឆ្នាំ ២០២៤នេះ ខេត្តសៀមរាបមានរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ ដែលភ្ញៀវទេសចរគ្រប់ៗរូបអាចអញ្ជើញមកចូលរួមទស្សនាធានាថាមិនខកបំណងឡើយ។.png)
ព្រឹត្តិការណ៍ធំទី១ គឺ បុណ្យរំលឹកគុណអង្គរ ដែលនឹងប្រារព្ធទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងនៅមុខទីលានជល់ដំរី។ គោលបំណងសំខាន់បំផុតក្នុងការរៀបចំពិធីនេះគឺដើម្បីសម្តែងនូវការដឹងគុណ ចំពោះបុព្វការីជន គ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំងកាយចិត្ត ក្នុងការងារថែរក្សាអង្គរតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា ថ្ងៃទី១៤ ខែធ្នូឆ្នាំនេះដែរ ក៏ជាគម្រប់ខួប៣២ឆ្នាំ នៃការដាក់ប្រាសាទអង្គរវត្តចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ (១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៤)។
ទី ២ គឺព្រឹត្តិការណ៍បង្ហោះខ្លែងឯក ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែធ្នូ នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)។ ពិធីនេះគឺរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងឈ្វេងយល់ពីប្រវត្តិខ្លែងឯក ដែលជាកេរមរតកដូនតាខ្មែរយើងតំាងពីបុរាណកាល ដើម្បីឲ្យយុវជនជំនាន់ក្រោយ រួមទាំងភ្ញៀវទេសចរបរទេសបានស្គាល់កាន់ច្បាស់។ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្កាតាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្ដែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិពណ៍ការបង្ហាញពីរបៀបធ្វើខ្លែងឯកថែមទៀតផង។

ទី ៣ បុណ្យឆ្លងឆ្នាំសកល នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលនឹងរៀបចំកម្មវិធីក្នុងក្រុងសៀមរាប។ ដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នាមកនូវសិរីសួស្តី និងកាន់តែចម្រុងចម្រើន ភ្ញៀវទេសចរក៏អាចអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងខេត្តសៀមរាបបាន ធានាថានឹងទទួលបាននូវអនុស្សាវរីយដែលមិនអាចបំភ្លេចបាន៕.png)










