ទន្តពេទ្យជាច្រើនរូបបានណែនាំថា ហាមបរិភោគអាហារក្នុងអំឡុងពេល២ម៉ោងនេះដាច់ខាត ប្រសិនបើលោកអ្នកចង់ឱ្យធ្មេញរឹងមាំល្អ ។ គួរតែដុសសម្អាតធ្មេញឱ្យបានទៀងទាត់ ជាពិសេស ត្រូវដុសធ្មេញមុនបរិភោគអាហារពេលព្រឹកជានិច្ច ដើម្បីថែទាំសុខភាពមាត់ធ្មេញ ។.png)
លោក Alex Fu ជាគ្រូពេទ្យធ្មេញបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន New York Post អំពីការថែទាំធ្មេញថា ការដុសធ្មេញចំនួន២លើកក្នុង១ថ្ងៃ ពុំទាន់គ្រប់គ្រាន់ដើម្បីធ្វើឱ្យធ្មេញរឹងមាំទេ ។ វិធីការពារកុំឱ្យធ្មេញឆាប់ខូច ឬពុកធ្មេញ គឺក្រោយពីបរិភោគអាហាររួចហើយ ចូរកុំប្រើប្រាស់ធ្មេញ ឬកុំទំពារអ្វី រយៈពេល២ម៉ោង ។.png)
លោកនិយាយថា ៖ «គួរទុកឱ្យសារធាតុក្នុងទឹកមាត់សម្អាត និងបន្ថែមសារធាតុរ៉ែដល់ធ្មេញតាមធម្មជាតិ យ៉ាងហោចណាស់ ២ម៉ោង ក្រោយការបរិភោគអាហាររួច ។ វានឹងជួយកាត់បន្ថយការពុក និងសឹកធ្មេញ ពីព្រោះក្រោយបរិភោគអាហាររួច សារធាតុ PH ក្នុងទឹកមាត់នឹងកើនឡើង ហើយវាជួយការពារធ្មេញតាមរយៈការបន្ថែមសារធាតុរ៉ែ ។ រីឯការជ្រើសរើសអាហារល្អៗនឹងជួយឱ្យសុខភាពមាត់ធ្មេញល្អ» ។

ការណែនាំនេះ គឺស្របគ្នានឹងលោកស្រី Whitney DeForgio មានជំនាញសុខភាពមាត់ធ្មេញ ដែលធ្លាប់ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Post ថា បើចង់បានធ្មេញសស្អាត គួរតែចៀសវាងអាហារមួយចំនួន ដូចជា ៖ Pasta, Cereals, Cracker និងដំឡូងបារាំងបំពង ពីព្រោះអាហារទាំងនេះមានកាបូអ៊ីដ្រាតប៉ះពាល់ធ្មេញ ហើយវានឹងបំបែងទៅជាស្ករពេលយើងទំពារអាហារក្នុងមាត់ ។
កាបូអ៊ីដ្រាតនឹងធ្វើឱ្យក្នុងមាត់មានជាតិអាស៊ីតច្រើន បន្ទាប់មក ទឹកមាត់នឹងពិបាកកម្ចាត់អាហារស្អិតចេញពីធ្មេញ ព្រមទាំងប្រឈមជាមួយការពុកធ្មេញ ។ គួរតែបរិភោគការ៉ុត ពីព្រោះវាល្អសម្រាប់ធ្មេញ និងសុខភាព រីឯសារធាតុស៊ីលីតូលក្នុងស្ករកៅស៊ូ អាចជួយដល់ការផលិតទឹកមាត់មានប្រយោជន៍ ពីព្រោះវាជាសារធាតុផ្អែមតាមធម្មជាតិ និងផ្តល់នូវប្រយោជន៍ច្រើនជាងសារធាតុ Aspartame ។.png)
ដោយឡែក គ្រូពេទ្យធ្មេញនៅប្រទេសអង់គ្លេសនិយាយថា ការដុសធ្មេញមុនបរិភោគអាហារពេលព្រឹក វានឹងជួយការពារធ្មេញពីជាតិអាស៊ីតក្នុងអាហារ និងភេសជ្ជៈ ហើយជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា ។ ប៉ុន្តែបើចង់ដុសធ្មេញក្រោយបរិភោគអាហារពេលព្រឹករួច គួររង់ចាំរយៈពេល៣០នាទីសិន ដើម្បីឱ្យធ្មេញអាចបំពេញសារធាតុរ៉ែរឹងមាំឡើងវិញ ក្រោយពីទំពារអាហារមានជាតិអាស៊ីត ។
បើយើងដុសធ្មេញភ្លាមៗក្រោយទំពារអាហាររួច គឺអាចនឹងប៉ះពាល់ធ្មេញ, អញ្ចាញធ្មេញ និងឆាប់ពុកធ្មេញ ។ ហេតុនេះ គួរតែទម្លាប់ដុសធ្មេញមុនបរិភោគអាហារពេលព្រឹកជានិច្ច ដើម្បីកម្ចាត់មេរោគយ៉ាងច្រើនក្នុងមាត់ក្រោយពីបានសម្រាកពេលយប់ ៕










