ប្រទេសហូឡង់ ៖ ប្រទេសហូឡង់បានបង្កើតសហគមន៍ឈ្មោះ Minitopia ដែលអនុញ្ញាតឱ្យពលរដ្ឋអាចសាងសង់ផ្ទះរស់នៅមានទំហំសមល្មមតាមចំណង់ចំណូលចិត្តរបស់ខ្លួន នៅលើដីដែលរដ្ឋាភិបាលជួលឱ្យដើម្បីដោះស្រាយបញ្ហាខ្វះខាតជម្រក ។ ប៉ុន្តែរដ្ឋាភិបាលបានកំណត់លក្ខខណ្ឌ គឺពលរដ្ឋត្រូវសង់ផ្ទះពុំប៉ះពាល់បរិស្ថាន ។
រដ្ឋាភិបាលបានជួលដីទំនេរក្នុងទីក្រុងជាច្រើនឱ្យពលរដ្ឋរស់នៅបង្កើតសហគមន៍ Minitopia ក្នុងតម្លៃចាប់ពី២៩៤ដុល្លារ ទៅ៤៤១ដុល្លារអាមេរិកក្នុង១ខែ ហើយតម្លៃជួលខុសៗគ្នាអាស្រ័យលើទំហំផ្ទះ ។ ពលរដ្ឋអាចសង់ផ្ទះរស់នៅបណ្តោះអាសន្នដោយខ្លួនឯង ចាប់ពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ។
លក្ខខណ្ឌការសង់ផ្ទះនៅសហគមន៍នេះ គឺជាផ្ទះ២ជាន់មានទំហំសមល្មម និងមិនធំពេក ។ ផ្ទះត្រូវតែរចនាឱ្យមានពណ៌បៃតង និងមិនយកគំរូតាមផ្ទះផ្សេង ដោយប្រើប្រាស់សម្ភារៈសាងសង់ពុំប៉ះពាល់បរិស្ថាន ប៉ុន្តែមានសភាពរឹងមាំបំផុត ។ ក្រៅពីនេះ ក៏ត្រូវតែចំណាយថាមពលតិចក្នុងផ្ទះ និងមានស័ក្តិសមជាមួយបរិយាកាសជុំវិញ ។
ការជួលដីឱ្យពលរដ្ឋសង់ផ្ទះរស់នៅ គឺចាប់ផ្តើមពីទីក្រុង Den Bosch មុនគេ រួចហើយរដ្ឋាភិបាលក៏បានជួលដីក្នុងទីក្រុងផ្សេងៗ ដូចជា ៖ Eindhoven និង Roosendaal ។ ផ្ទះភាគច្រើនក្នុងសហគមន៍មានទំហំតូចៗត្រូវបានសង់លើដីមានកំណត់ដោយដំឡើងបន្ទះសូឡា និងអាចផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី ឬដោះឧបករណ៍ផ្សេងៗបាន ។ 
ក្រៅពីនេះ ពលរដ្ឋបានជួយគ្នាដាំបន្លែបង្ការ, ធ្វើជីកសិកម្ម និងចិញ្ចឹមមាន់ ខណៈអ្នកខ្លះទៀត ត្រងទឹកភ្លៀងទុកប្រើប្រាស់ ។ បច្ចុប្បន្ន ចំនួនពលរដ្ឋហូឡង់បានកើនឡើងច្រើន ខណៈផ្ទៃដីសម្រាប់សាងសង់ផ្ទះមានចំនួនតិចតួច ។ វាធ្វើឱ្យដីធ្លី និងឈ្នួលផ្ទះនៅហូឡង់មានតម្លៃខ្ពស់ ទើបពលរដ្ឋទូទៅ ជាពិសេស អ្នកធ្វើការ និងយុវជន គ្មានផ្ទះសម្បែងផ្ទាល់ខ្លួន ក៏សម្រេចចិត្តមករស់នៅទីនេះ ។ 
ម្យ៉ាងទៀត ផ្ទៃដីភាគច្រើននៅប្រទេសហូឡង់ គឺជាផ្ទៃដីសម្រាប់បង្កបង្កើនផលកសិកម្ម និងតំបន់អភិរក្ស ទើបរដ្ឋាភិបាលជួលដីឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍ និងសង់ផ្ទះពុំប៉ះពាល់បរិស្ថានដោយខ្លួនឯង ៕










