ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋសភាវៀតណាមបានអនុម័តគម្រោងកសាងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់ពីទីក្រុងហាណូយនៅភាគខាងជើង ទៅកាន់ទីក្រុងហូជីមិញភាគខាងត្បូង ។ គម្រោងនេះនឹងចំណាយថវិកាកសាងប្រមាណ៦៧,០០០លានដុល្លារអាមេរិក ។
ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងធំៗរបស់វៀតណាម គឺមានប្រវែងសរុប១,៥៤១គីឡូម៉ែត្រ ហើយរថភ្លើងថ្មីនេះមានល្បឿន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ ដូច្នេះ វានឹងកាត់បន្ថយរយៈពេលធ្វើដំណើរពី៣០ម៉ោង មកនៅត្រឹមតែ៥ម៉ោងប៉ុណ្ណោះ ។
វៀតណាមនឹងចាប់ផ្តើមកសាងផ្លូវរថភ្លើងនេះនៅដើមឆ្នាំ២០២៧ ហើយរំពឹងថា រថភ្លើងនឹងដំណើរការនៅឆ្នាំ២០៣៥ ។ រថភ្លើងល្បឿនលឿននឹងធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុង ចំនួន២០ និងមានស្ថានីយរថភ្លើង២៣កន្លែង, ស្ថានីយដឹកទំនិញ៥កន្លែង ហើយរថភ្លើងនឹងដឹកទាំងអ្នកដំណើរ, ទំនិញ ព្រមទាំងផ្តល់សេវាកម្មផ្នែកការពារជាតិផងដែរ ។
.png)
លោក Nguyen Danh Huy អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ថ្លែងថា គម្រោងនេះសម្រាប់បំពេញតម្រូវការដឹកជញ្ជូនទំនិញកើនឡើង ពីព្រោះបើតាមការស្ទង់មតិជាច្រើនបង្ហាញថា ពលរដ្ឋវៀតណាមចង់មានផ្លូវធ្វើដំណើរឆាប់រហ័សជាងមុនពីភាគខាងជើងមកភាគខាងត្បូង ។ ដូច្នេះ វាជាគម្រោងដ៏សំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបំពេញតួនាទីជួយវៀតណាមឱ្យឈានទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស ។

ប្រទេសវៀតណាមនឹងចំណាយដើមទុនក្នុងស្រុកសម្រាប់អនុវត្តគម្រោងនេះ ព្រមទាំងខ្ចីថវិកាបន្ថែមពីក្រៅប្រទេសមិនលើសពី៣០% ឬស្មើប្រមាណ២០,១០០លានដុល្លារអាមេរិក ។ បច្ចុប្បន្ន វៀតណាមកំពុងពិចារណាជ្រើសរើសរូបរាងរថភ្លើងល្បឿនលឿនរបស់ជប៉ុន និងចិន ។.png)
អ្នកវិភាគផ្នែកដឹកជញ្ជូននិយាយថា គម្រោងនេះនឹងមានសារៈសំខាន់ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកដឹកជញ្ជូនវៀតណាម ដោយសារការដឹកជញ្ជូនក្នុងស្រុកមានកំណត់ ។ ពេលកសាងផ្លូវរថភ្លើងល្បឿនលឿនរួចរាល់ វានឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញពីភាគខាងជើងមកខាងត្បូង ។
គួរបញ្ជាក់ថា ការធ្វើដំណើរពីទីក្រុងហាណូយ ទៅទីក្រុងហូជីមិញតាមរថភ្លើងធម្មតា គឺចំណាយពេលចាប់ពី៣៤ម៉ោង ទៅ៣៨ម៉ោង ខណៈថ្លៃធ្វើដំណើរ គឺពី៦៤ដុល្លារ ទៅ៩២ដុល្លារអាមេរិក ។ រីឯថ្លៃធ្វើដំណើរតាមយន្តហោះ ចាប់ពី១០០ដុល្លារ ទៅ៣៦០ដុល្លារអាមេរិក ៕










