ប្រទេសជប៉ុន ៖ ផ្កាកុលាបនៅខេត្តយូណាន ប្រទេសចិន ដែលមានឈ្មោះល្បីល្បាញទាំងទំហំ និងក្លិនក្រអូបកំពុងតែពេញនិយមយ៉ាងខ្លាំងនៅប្រទេសជប៉ុន ។ អាជីវករលក់ផ្កាជប៉ុនជាច្រើននាក់បានមកទិញផ្កាកុលាបខេត្តយូណាន នៅផ្សារអូតាក់រៀងរាល់ថ្ងៃ ដែលជាផ្សារធំបំផុតក្នុងទីក្រុងតូក្យូ ដើម្បីយកទៅលក់បន្តឱ្យអតិថិជន ។

នៅរៀងរាល់សប្តាហ៍ ផ្សារអូតាក់ បាននាំចូលផ្សារកុលាបពីខេត្តយូណាន ចាប់ពី២លើក ទៅ៣លើក ហើយក្នុង១លើក ស្មើប្រមាណ១ម៉ឺនផ្កា ដើម្បីលក់ឱ្យអតិថិជនជប៉ុន ។ Jun Shishido នាយកគ្រប់គ្រងក្រុមហ៊ុនលក់ផ្កាបោះដុំនិយាយថា ផ្កាកុលាបដាំនៅខេត្តយូណាន មានដើមខ្ពស់ៗក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ហើយផ្កាកុលាបចិនធំជាងផ្កាកុលាបជប៉ុនទៅទៀត ។.png)
ក្រោយការដេញថ្លៃផ្កាកុលាបចិននៅផ្សារអូតាក់រួចហើយ អាជីវករជប៉ុននឹងបញ្ជូនផ្កាកុលាបទាំងនេះទៅហាងលក់ផ្កាផ្សេងៗក្នុងទីក្រុងតូក្យូ យ៉ាងឆាប់រហ័ស ។ Wang Zhenhua អាជីវករលក់ផ្កាកុលាបចិននិយាយថា បរិមាណការនាំចេញផ្កាកុលាបពីចិនទៅជប៉ុន បានកើនឡើងជាបន្តបន្ទាប់ គឺចាប់ពី៨,០០០ផ្កាក្នុង១ថ្ងៃ ទៅ១៥,០០០ផ្កាក្នុង១ថ្ងៃ ។ នៅខែធ្នូ ឆ្នាំ២០២៤ ហាងជប៉ុនកុម្ម៉ង់ផ្កាកុលាបចិន រហូតដល់៣០,០០០ផ្កាក្នុង១ថ្ងៃ ហើយនៅមានតម្រូវការផ្កាកុលាបជាង៩០,០០០ផ្កាក្នុង១ថ្ងៃ ។
ហាងលក់ផ្កាមួយកន្លែងនៅទីក្រុងតូក្យូ ដែលបានលក់ផ្កាអស់រយៈពេលជាង៦០ឆ្នាំ ទើបតែចាប់ផ្តើមលក់ផ្កាកុលាបចិននៅឆ្នាំ២០២៤នេះ ដោយសារមានអតិថិជនសួររកច្រើន ។ ចិនបានបញ្ជូនផ្កាកុលាបស្រស់ៗពីខេត្តយូណាន មកកាន់ទីក្រុងតូក្យូ ដោយចំណាយពេលតែ២៤ម៉ោងប៉ុណ្ណោះ ហើយហាងជប៉ុនលក់ផ្កាចិនក្នុងតម្លៃ៤០០យ៉េន (ឬស្មើជាង៨,០០០រៀល) ។
.png)
អតិថិជនម្នាក់ប្រាប់ថា ផ្កាកុលាបចិនពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងមានទំហំធំ ទើបពលរដ្ឋជប៉ុនចូលចិត្តទិញវា ។ ផ្កាកុលាប គឺជានិមិត្តសញ្ញាបេះដូងដែលពលរដ្ឋជប៉ុនបង្ហាញគ្នាទៅវិញទៅមក ។
ចំណែកផ្កាផ្សេងៗទៀតរបស់ចិន ដូចជា ៖ ផ្កាលីលី និងផ្កា Carnation ក៏ពេញនិយមនៅប្រទេសជប៉ុនដូចគ្នាដែរ ដោយសារល្បីល្បាញផ្នែកគុណភាព និងតម្លៃ ។ បើគិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសជប៉ុនបាននាំចូលផ្កាស្រស់ៗពីចិន ស្មើប្រមាណ ២៣៧លានផ្កា ៕










