ភ្នំវាលធំ គឺជាតំបន់ធម្មជាតិដែលគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វើងល្វើយនូវរដូវវស្សា និងពណ៌មាសភ្លឺចែងចាំងនូវរដូវប្រាំង មានទំហំ ៣៣២ ៥០០ ហិកតា។ តំបន់នេះមានទីតាំងស្ថិតនៅឧទ្យានជាតិវីរៈជ័យ ភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនៈគិរី និងស្ទឹងត្រែង។ តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យ មានទេសភាពស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចជាឋានសួគ៌ពិតៗ ដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់ទៅលេងកម្សាន្ត ហើយបើអ្នកណាបានទៅលេងហើយ ធានាថាមិនចង់ត្រឡប់ទៅវិញនោះទេ។.png)
ភ្នំវាលធំនៃឧទ្យានជាតិវីរៈជ័យគឺសម្បូរទៅដោយធនជាតិធម្មជាតិ និងជីវចម្រុះយ៉ាងច្រើនសម្បូរបែប។ ក្រៅតែពីទេសភាពជួរភ្នំដ៏ស្រស់ត្រកាល ព្រៃឈើខៀវស្រងាត់ និងទឹកធ្លាក់ជាដើម ឧទ្យានជាតិវីរៈជ័យ ក៏ជាតំបន់អភិរក្សមួយកន្លែង ដែលមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅផងដែរ។ នៅពេលទៅដល់ទីនោះ លោកអ្នកនឹងបានឃើញ ទេសភាពព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អាចគយគន់មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោះតង់ ជួបជុំគ្រួសារ មិត្តភក្តិ ធ្វើអាហារញ៉ាំជុំគ្នា យ៉ាងមានសេចក្តីសុខ។ .png)
ដើម្បីទៅដល់តំបន់នោះ ភ្ញៀវទេសចរត្រូវតែទាក់ទងមន្ទីរបរិស្ថានខេត្តរតនគីរីដើម្បីចុះឈ្មោះនិងបង់ថ្លៃសេវាចូលឧទ្យានជាតិ និងទាក់ទងសហគមន៍ដើម្បីជួលម៉ូតូ។ ទិដ្ឋភាពចម្រុះរបស់ឧទ្យានជាតិនេះ ក៏បង្កប់ផងដែរនូវតំបន់ទំនាបលិចទឹក វាលស្មៅ ព្រៃឫស្សី ព្រៃចម្រុះ និងព្រៃជ្រុះស្លឹកសុទ្ធ។ ឧទ្យានជាតិនេះអាចជាដែនជម្រកព្រៃឈើនៅសល់ចុងក្រោយគេបំផុតដែល មានរុក្ខជាតិ ប្រចាំតំបន់ចាំបាច់ត្រូវការពារ។ ឧទ្យានជាតិនេះក៏មានទីតាំងជាប់ទន្លេធំៗពីរ គឺទន្លេសេសាននៅភាគខាងត្បូង និងទន្លេសេកុងផងដែរ។ តំបន់មួយនេះ ក៏តំបន់ការពារធម្មជាតិដ៏សំខាន់បំផុតមួយដែលផ្ដល់នូវចំណូល ជួយទ្រទ្រង់ដល់ជីវភាពរបស់សហគមន៍ជាមូលដ្ឋានទៀតផង។

គួរបញ្ជាក់ដែរថា ក្រៅពីឧទ្យានជាតិវីរៈជ័យ កម្ពុជាក៏មានឧទ្យានជាតិចំនួន ៦ ផ្សេងទៀតដែរដូចជា៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិមុនីវង្សបូកគោ ឧទ្យានជាតិកែប ឧទ្យានជាតិព្រះសីហនុរាម និងឧទ្យានជាតិភ្នំគូលែន។ បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធម្មជាតិកំពុងអភិរក្សចំនួន ៦៩ កន្លែង មានផ្ទៃដីសរុបចំនួន ៧,៣ លានហិកតា ហើយបែងចែកជាតំបន់ឧទ្យានជាតិ តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងជីរចម្រុះជាដើម៕










