កុមារី លីស៊ាង ពោរពេញដោយទេពកោសល្យសិល្បៈត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការសរសើរយ៉ាងខ្លាំងពីសមត្ថភាពរបស់កុមារីរូបនេះបន្ទាប់ពីបកស្រាយបទ «វីរៈនារី» របស់ ទេព បូព្រឹក្ស ដល់ថ្នាក់មនុស្សធំមួយចំនួនសុំខ្មាសតែម្តង។ លើសពីនេះម្ចាស់បទផ្ទាល់គឺតារាចម្រៀង ទេព បូព្រឹក្ស ក៏បានចែករំលែកបន្ត (Reposted ) នៅលើបណ្តាញសង្គមទិកតុកផងដែរ។
ថ្មីៗកន្លងមកនេះទស្សនិកជនមានការចាប់អារម្មណ៍ទៅលើកុមារីម្នាក់មានឈ្មោះថា លី ស៊ាង ដែលមានភាពក្លាហានឡើងឆាកបញ្ចេញសំឡេងដ៏ទាក់ទាញចាំយ៉ាងស្ទាត់ពីប៉ារ៉ូលចម្រៀង ច្រៀងត្រូវភ្លេង បានយ៉ាងល្អ។ លើសពីនេះទៅទៀត ទស្សនិកជនបានចាប់អារម្មណ៍ដែរថា កុមារីរូបនេះបានបកស្រាយបទ វីរៈនារី របស់ ទេព បូព្រឹក្ស បានយ៉ាងល្អដូចគ្នាដែលជាបទដ៏ល្បីល្បាញមានទាំងការរ៉េប លាយភាសាអង់គ្លេស ជាដើមដែលមនុស្សធំមួយចំនួនសឹងតែមិនអាចបកស្រាយបានដែរ។
វីដេអូដែលកុមារី លីស៊ាង ច្រៀងបទ វីរៈនារី របស់ម្ចាស់ដើម ទេព បូព្រឹក្ស ជាង៣នាទីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមានការចូលមើលនៅលើបណ្តាញសង្គមទិកតុកជិត៩០០K ក្នុងរយៈពេល៥ថ្ងៃ ជាមួយនឹងមតិរាប់ពាន់និងការចុច Like រាប់ម៉ឺននាក់។ នៅក្នុងផ្នែកខម្មិន អ្នកលេងបណ្តាញសង្គមបានសរសើរថា ក្មេងស្រីនេះពូកែ និងមានភាពក្លាហាន។ អ្នកមួយចំនួនបានបញ្ចេញមតិសុំខ្មាសកុមារី លីស៊ាង ព្រោះតែមនុស្សធំដូចជាគេមិនអាចច្រៀងបានដូចជាក្មេងស្រីរូបនេះឡើយ។.png)
ទស្សនិកជនមួយផ្នែកទៀតបានជំរុញលើកទឹកចិត្តអាណាព្យាបាលកុមារី លីស៊ាង ឱ្យដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងកុមារផងដែរ។ វីដេអូដ៏គួរឱ្យចាប់អារម្មណ៍នេះ ម្ចាស់បទផ្ទាល់គឺអ្នកនាង ទេព បូព្រឹក្ស ក៏បានចែករំលែកបន្តទៀត។
មិនត្រឹមតែបទនេះប៉ុណ្ណោះទេតែកុមារី លីស៊ាង ក៏អាចបកស្រាយបទកំពុងល្បីរបស់ ទេព បូព្រឹក្ស «Drama Queen »ដូចគ្នានិងមានបទល្បីៗជាច្រើនទៀតកុមារីរូបនេះគឺអាចបកស្រាយបានដូចគ្នា៕










