បទចម្រៀង «ម្តងហើយម្តងទៀត» ដែលជាសហការលើកដំបូងរបស់តារាចម្រៀងរ៉េប យូហៃ ម្ចាស់ពាន The Rapper Cambodia និង GMENGz ទទួលបាន១០០ K ក្នុងរយៈពេល២៤ម៉ោងត្រូវសម្រេចចិត្តលុបនិងចេញសូមទោសជាសាធារណៈដោយសារឃ្លាចម្រៀងជាប់ពាក់ព័ន្ធនឹងការរើសអើងទៅកាន់ជនជាតិដើមភាគតិច។ បទនឹងត្រូវកែសម្រួលឡើងវិញដើម្បី បញ្ឈប់នូវការរើសអើងគ្រប់រូបភាពដោយចេតនា ឬអចេតនាក្តីនៅក្នុងសង្គម។
តាមសេចក្តីប្រកាសរបស់ផលិតកម្មបារមីនាយប់ថ្ងៃទី២៥ វិច្ឆិកា បានឱ្យដឹងថា «ផលិតកម្ម បារមី បានទទួលលិខិតផ្លូវការពីលោក Tev Pot ដែលបានលើកឡើងពីកំហុសនៃការ ប្រើពាក្យពេចន៍នៅក្នុងបទចម្រៀង «ម្តងហើយម្តងទៀត« របស់ YuuHai និង GMENGz ដោយក្នុងនោះ អត្ថន័យមួយផ្នែកនៃបទ បានធ្វើឱ្យប៉ះពាល់ទៅដល់បងប្អូនសហគមន៍ជនជាតិដើម ភាគតិចព្នង។ ផលិតកម្មបារមី រួមទាំងសិល្បករ YuuHai និង GMENGz ពិតជាសោកស្តាយចំពោះកំហុសមួយនេះ ហើយសូមធ្វើការសូមទោសពុកម៉ែបងប្អូនទាំងអស់គ្នាជាផ្លូវការ និងទទួលយកការរិះគន់មួយនេះដោយដឹងកំហុសពី ភាពធ្វេសប្រហែស ព្រោះអ្នកសិល្បករពិតជាមិនមានចេតនាធ្វើឱ្យប៉ះពាល់អារម្មណ៍ដល់ពុកម៉ែបងប្អូនគ្រប់រូបនៅ ក្នុងសហគមន៍ជនជាតិដើមភាគតិចព្នងឡើយ សូមទោសចេញពីចិត្ត និងការដឹងកំហុសនេះ។ ហើយសង្ឃឹមថាសហគមន៍របស់យើងទាំងមូលនឹងទទួលយក»។ 
ផលិតកម្មបានសម្រេចចិត្តលុបបទចម្រៀងចេញ ហើយនឹងចេញកំណែថ្មី ជាមួយនឹងការកែសម្រួលឡើងវិញដើម្បី បញ្ឈប់នូវការរើសអើងគ្រប់រូបភាពដោយចេតនា ឬអចេតនាក្តីនៅក្នុងសង្គម ជាពិសេសទៅកាន់បងប្អូននៅក្នុង សហគមន៍ជនជាតិដើមភាគតិចព្នង។ ពួកយើងនឹងមិនចូលរួមនូវចំណែកឬក៏ លើកទឹកចិត្តឱ្យមានអំពើនេះតទៀត ឡើយនៅក្នុងការផលិតបទចម្រៀង»។
នៅលើបណ្តាញសង្គមរបស់ Gmengz ក៏បានចេញលិខិតសូមទោសចំពោះរឿងនេះដូចគ្នា
ដោយខ្វះខាតការពិចារណា និងការស្រាវជ្រាវដែលធ្វើឱ្យកំហុសដ៏ធំមួយនេះបានកើតឡើងដែលវាជា រូបភាពបង្ហាញការរើសអើងពូជសាសន៍ លោកពិតជាពុំមានចេតនាក្នុងការប្រព្រឹត្តនូវទង្វើមួយនេះឡើយ។ Gmengz បានសន្យាថានឹងមិនធ្វើឱ្យមានការធ្វេសប្រហែស ឬមានកំហុសម្តង ទៀតឡើយនឹងធ្វើការប្រុងប្រយ័ត្នខ្ពស់ និងមានការសិក្សាស្រាជ្រាវឱ្យបានលំអិតជាមុននឹងធ្វើអ្វីមួយ នាថ្ងៃអនាគត។
គួរបញ្ជាក់ថា «ម្ដងហើយម្ដងទៀត» ពីយូហៃ និង Gmengz បានទម្លាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយឃ្លាចម្រៀងរបស់ Gmengz ដែលច្រៀងថា «ពីមុនគេតែងតែមើលរំលង ដូចខ្ញុំព្នងទើបចេញពីព្រៃ» ដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចព្នង។ ការចេញសូមទោសជាផ្លូវការពីផលិតកម្មបារមីនិងសិល្បករទាំងពីររូបទស្សនិកជនបានលើកឡើងថា ខុសហ៊ានទទួលស្គាល់កំហុសបញ្ជាអំពីទំនួលខុសត្រូវរបស់ពួកគេ៕










