អណ្តើកយក្សអាស៊ីរស់នៅដោយគ្មានចលនា មានន័យថាវានៅតែមួយកន្លែងក្នុងភក់និងបាតទន្លេ មិនងាយបន្លាស់ទីនោះទេ ប៉ុន្តែនៅតែមានសមត្ថភាពអាចស្វែងរកចំណីដោយខ្លួនឯងបាន តើវារកចំណីដោយរបៀបណា?
Pelochelys cantorii ត្រូវបានគេស្គាល់ថាជាអណ្តើកយក្សរស់នៅក្នុងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលវាច្រើនមានរូបរាងធំធាត់ និងមានសំបកខ្នងទន់ ជាប្រភេទសត្វដែលខ្ជិលបំផុត ដោយសារតែវាចំណាយពេលរហូតដល់ ៩៥% នៃជីវិតរបស់វាដើម្បីដេកមួយកន្លែង គ្មានចលនាទាល់តែសោះ។
សត្វនេះមានទម្លាប់កប់ខ្លួនក្នុងភក់ ឬខ្សាច់ក្នុងទន្លេរាក់ៗ បង្ហាញតែភ្នែករបស់វាឱ្យមនុស្សយើងឃើញប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលវាប្រទះឃើញសត្វល្អិត ឬសត្វល្មូនដូចជា ត្រី កង្កែប ក្តាម បង្កង បង្គា ឬសត្វស្លាប ដែលជាអាហាររបស់វា អណ្តើកយក្សនេះក៏លាតក យ៉ាងរហ័សដើម្បីវាយលុកចំណីរបស់ពួកវា។ លើសពីនេះពួកវាក៏មានក្រញ៉ាំជើងវែង និងថ្គាមខ្លាំង រឹងមាំល្មមអាចកំទេចឆ្អឹងសត្វនានាបានយ៉ាងល្អឥតខ្ចោះ។ សត្វនេះក៏អាចផ្លាស់ទីក្នុងល្បឿនយ៉ាងលឿនដូចផ្លេកបន្ទោរផងដែរ នៅពេលដែលឃើញអាហាររបស់វា ដែលនេះហើយគឺជាលក្ខណៈពិសេសរបស់សត្វអណ្តើកយក្សអាស៊ី។
អណ្តើកទឹកសាបដ៏ធំនេះមានសំបករលោង ពណ៌បៃតងប្រផេះ ឬពណ៌ត្នោត ជាមួយប្រវែងរហូតដល់ ១០០ សង់ទីម៉ែត្រ ឬធំជាងនេះ និងមានទម្ងន់លើសពី ១០០ គីឡូក្រាម។ ស្រដៀងទៅនឹងអណ្តើកផ្សេងទៀតដែរ អណ្តើកយក្សអាស៊ីមានសមត្ថភាពច្រោះអុកស៊ីហ្សែនពីទឹកតាមរយៈស្បែករបស់វា ជួយឱ្យពួកវានៅក្រោមទឹកបានយូរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកវាមិនអាចប្រមូលអុកស៊ីហ្សែនបានច្រើន ដូច្នេះពួកវាត្រូវមកផ្ទៃខាងលើដើម្បីដកដង្ហើមពីរដងក្នុងមួយថ្ងៃ។.png)
គួរបញ្ជាក់ដែរថា នេះគឺជាអណ្តើកជិតផុតពូជពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៩៥ មានតែអណ្តើកមួយក្បាលប៉ុណ្ណោះដែលត្រូវបានគេរកឃើញ។ ពួកវាមានដើមកំណើតនៅទន្លេក្នុងប្រទេសឥណ្ឌា បង់ក្លាដែស ភូមា ថៃ ម៉ាឡេស៊ី ឡាវ កម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ី។ នៅឆ្នាំ ២០២៤ សំបុកអណ្តើក Cantor ដំបូងត្រូវបានរកឃើញដោយអ្នកជីវវិទូនៅលើច្រាំងទន្លេ Chandragiri ក្នុង Kerala ប្រទេសឥណ្ឌា។ ដោយបច្ចុប្បន្នក្រុមស្រាវជ្រាវបានប្រើប្រាស់ចំណេះដឹងសហគមន៍មូលដ្ឋានដើម្បីស្វែងរកទីតាំងរបស់អណ្តើកនេះបន្ថែមទៀត៕










