ប្រទេសចិន ៖ នាពេលថ្មីៗនេះ ហាងលក់ភីសាមួយកន្លែងនៅប្រទេសចិន បានបង្ហាញភីសាថ្មីរបស់ហាងដើម្បីឱ្យអតិថិជនជួយគាំទ្រ គឺភីសាដាក់កង្កែបចៀនទាំងមូល និងរោយស្លឹកជីពីលើ ។ បើមើលក្នុងរូបភាព គឺគួរឱ្យចង់បរិភោគខ្លាំងណាស់ ដោយសារកង្កែបត្រូវបានចៀនយ៉ាងស្រួយ ប៉ុន្តែអតិថិជនលើកឡើងថា ពួកគេចំណាយប្រាក់អស់យ៉ាងច្រើន បែរជាទទួលបានភីសាបែបនេះ ។.jpg)
ហាង Pizza Hut នៅប្រទេសចិនបានបង្ហាញភីសាថ្មីរបស់ហាង គឺ «Goblin Pizza» ឬ «ភីសាកង្កែបចៀន» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាការសហការជាមួយក្រុមហ៊ុនផលិតវីដេអូហ្គេម ឈ្មោះ «Dungeon and Fighter (D&F)» ។.jpg)
ភីសាកង្កែបចៀន គឺផ្សំឡើងពីម្សៅមានរសជាតិម៉ាឡា (ជារសជាតិអាហាររបស់ខេត្តស៊ីឈួន ដែលនិយមដាក់ម្រេចស៊ីឈួន មានរសជាតិហឹរខ្លាំងធ្វើជាគ្រឿងផ្សំសំខាន់ និងផ្សំជាមួយប្រេងម៉ាឡា) និងយកកង្កែបចៀនទាំងមូលមកដាក់នៅផ្នែកខាងលើ ។ បន្ទាប់មក ដាក់ស្លឹកជីនៅជុំវិញកង្កែប ហើយរូបភាពភីសានេះ គួរឱ្យចង់បរិភោគយ៉ាងខ្លាំង ។
ប៉ុន្តែក្រោយពីហាងប្រកាសលក់ភីសាកង្កែបរួចមក មានអតិថិជនម្នាក់បានសរសេរក្នុងបណ្តាញសង្គម Weibo ថា ខ្លួនបានចំណាយប្រាក់អស់១៧១យាន់ (ឬស្មើជាង២៤ដុល្លារអាមេរិក) ដើម្បីទិញភីសានេះ ប៉ុន្តែទទួលបានភីសាពុំដូចការកុម្ម៉ង់ ។ ក្រៅពីនេះ ហាងបានដាក់ជីក្នុងថង់ដោយឡែកមួយទៀត ហើយពេលបរិភោគភីសាជិតអស់ ទើបឃើញថង់ជី ។
បើតាមរូបភាពភីសាដែលក្រុមហ៊ុនផ្សព្វផ្សាយទៅកាន់អតិថិជន គឺមានកង្កែបចៀនទាំងមូលនៅផ្នែកខាងលើ, មានគ្រាប់ភ្នែកកង្កែបធ្វើពីស៊ុតពុះជាពីរ និងចាក់ទឹកប៉េងប៉ោះពីលើ ដើម្បីឱ្យមើលទៅដូចសរសៃឈាម ។ ប៉ុន្តែពេលអតិថិជនខាងលើកុម្ម៉ង់ទិញភីសាពីហាង បែរជាទទួលបានភីសាមិនដូចក្នុងរូបភាពដែលផ្សព្វផ្សាយ គឺសាច់កង្កែបស្វិត មើលទៅគួរឱ្យខ្លាច ។
ចំណែកមនុស្សផ្សេងទៀតបានភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំងជាមួយភីសាថ្មីនេះ ហើយពួកគេពុំចង់បរិភោគវាទេ ។ រីឯអ្នកខ្លះទៀតសួរថា តើវាដូចគ្នានឹងភីសារបស់តៃវ៉ាន់ដែរឬទេ ខណៈកាលពីខែមីនា ឆ្នាំ២០២៤ កន្លងមក តៃវ៉ាន់បានលក់ភីសាប្លែកជាងគេនៅលើពិភពលោក គឺភីសាអណ្តើក ៕










